(ព្រះវិហារ)៖ លោក មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ បានថ្លែងថា បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតនៅអាណត្តិទី៦នេះ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន តាមរយៈគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។

លោកថ្លែងបែបនេះ ក្នុងឱកាសដែលបានអញ្ជើញចូលរួមសំណេះសំណាល ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋជិត ២០០០នាក់ ក្នុងស្រុករវៀង ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ។ នៅក្នុងពិធីនោះ ក៏មានការចូលរួមពីលោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំជាច្រើនរូបទៀតផងដែរ។

លោក មាស សុភា បានបន្តទៀតថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាងជាតិមាតុភូមិពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ដែលមាន១១ចំណុច សុទ្ធតែបានបង្ហាញនូវអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ជាតិមាតុភូមិ សម្រាប់ប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់។

បើតាមមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ ចំណុចសំខាន់ៗដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជាបានសម្រេចបាន រួមមាន៖ ពង្រឹងសាមគ្គីជាតិទាំងមូល, គោរពរដ្ឋធម្មនុញ្ញ, ការពាររបបរាជានិយម, លើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, គោរពច្បាប់ និងយុត្តិធម៌សង្គម, ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងសន្តិសុខរបស់ជាតិឲ្យរឹងមាំ ស្ថិតស្ថិរគង់វង្ស។

ជាមួយគ្នានោះដែរ លោកមាស សុភា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានបញ្ជីឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០៕