(កណ្ដាល)៖ នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំប្រតិភូអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្លាស់ប្ដូរបទពិសោធន៍ រវាងស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល, ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ស្ពឺ និងតាកែវ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ នៅស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល។
កិច្ចប្រជុំនេះ មានវត្ដមានចូលរួមពី លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល, លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្ដពោធិ៍សាត់, លោកឧត្តមសេនីយ៍ទោ ឡុច សុវណ្ណារ៉ា ស្នងការនគរបាលខេត្ដកំពង់ឆ្នាំង, លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ, លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ដតាកែវ និងសហការីជាច្រើនរូបទៀត។
បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ និងប្រតិភូអមដំណើរ ព្រមទាំងសហការី បានអញ្ជើញទស្សនា ការបង្ហាញបទពិសោធន៍ការងារទប់ស្កាត់ និងបង្រ្កាបក្រុមបាតុកម្មរបស់មន្រ្ដីនគរបាលខេត្ដកណ្ដាល នៅបរិវេណកីឡដ្ឋានខេត្ដកណ្ដាល។
នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងថា ក្នុងនាមលោកតំណាងនាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអស់លោក-លោកស្រីទាំងអស់ ដែលជាមន្រ្ដីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដែលបានខិតខំរៀនសូត្រមុខវិជ្ជាជំនាញរបស់កងកម្លាំងនគរបាលជាតិ ហើយបានយកបទពិសោធន៍នេះ មកបង្ហាញបានយ៉ាងល្អប្រសើរ។
នាយឧត្តមសេនីយ៍ អគ្គស្នងការរងរូបនេះ ក៏បានកោតសសើរដល់ការដឹកនាំរបស់លោកស្នងការ ក៏ដូចជាលោក-លោកស្រីស្នងការរង និងការខិតខំប្រឹងប្រែងរបស់មន្រ្ដីនគរបាលទាំងអស់ ហើយការខិតខំនេះបានបង្ហាញឲ្យឃើញពីស្មារតីរួមគ្នា ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបម្រើប្រជាពលរដ្ឋនៅក្នុងខេត្ដកណ្ដាលឲ្យបានល្អប្រសើរ ព្រមទាំងផ្ដាំផ្ញើអស់លោក-លោកស្រី ត្រូវចងចាំថា នគរបាល គឺជាអ្នកថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម និងជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋឡើយ៕