(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម, សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានលើកឡើងថា ដោយសារតែការឆ្លៀសវៃ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ទើបធ្វើឲ្យ ប៉ុល ពត រំលាយខ្លួន។
ការលើកឡើងយ៉ាងដូច្នេះ របស់លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានធ្វើក្នុងឱកាសដែលលោក អញ្ជើញចូលរួមក្នុង ពិធីឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៦ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ដែលមានការចូលរួមពីប្រជាពលរដ្ឋ មកពីភូមិត្រពាំងទឹម ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម សរុបជាង៥០០នាក់ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិត ម៉ា ឈឿន បានលើកឡើងយ៉ាងដូច្នេះថា «ដោយសារតែការឆ្លៀសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ហើយទទួលបានជោគជ័យ ធ្វើឲ្យ ប៉ុល ពត រំលាយខ្លួន រំលាយទាំងអង្គការចាត់តាំង រំលាយទាំងកងយោធា...បានទាំងរំលាយអង្គការនយោបាយ ព្រមទាំងចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា ក្រោមគោលនយោបាយឈ្នះឈ្នះ នាឆ្នាំ១៩៩៨»។
លោកបណ្ឌិត បានបញ្ជាក់ទៀតថា ឆ្នាំ១៩៩៨ ប៉ុល ពត បានធ្វើសមាហរកម្ម ចូលក្នុងរាជរដ្ឋាភិបាលកម្ពុជា ទាំងកម្លាំងទ័ព ទាំងអង្គការចាត់តាំង ទាំងអង្គការនយោបាយ ដោយលែងមានក្រុម ប៉ុល ពត ទៀតហើយ គឺមានតំបន់តែមួយគត់ គ្រប់គ្រងដោយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃរូបនេះ បានបន្ដថា បើគ្មានគោលនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នោះទេ ក៏គ្មានសន្ដិភាព រហូតដល់បច្ចុប្បន្នផងដែរ។
តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានលើកឡើងថា នេះហើយជាសច្ចធម៌ប្រវត្ដិសាស្ដ្រ ដែលបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា មានស្នាដៃដ៏ធំធេង សង្គ្រោះប្រជាជនឲ្យរួចផុត ពីគ្រោះប្រល័យពូជសាសន៍ ហើយធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្ដិភាព រហូតដល់បច្ចុប្បន្ន។
ក្នុងឱកាសនោះ លោកបណ្ឌិតក៏បានឲ្យដឹងផងដែរថា ជាក់ស្ដែងនៅស្រុកជើងព្រៃ មានរោងចក្រ៧ ក្នុងនោះ មានកម្មករ ២០,៣៩០នាក់ ទទួលបានចំណូល១ខែ ជាង៤លានដុល្លារ សម្រាប់ប្រជាជន នៅស្រុកជើងព្រៃ។ ក្រុមហ៊ុនទិញស្រូវ «អេមរុរាយស៍» បានចុះកុងត្រា ទិញស្រូវចំនួន ៧,៥០០តោន ក្នុង១ឆ្នាំ ដោយក្នុងតម្លៃខ្ពស់ សម្រាប់ស្រុកចំនួន៣ នៅខេត្តកំពង់ចាម រួមមាន៖ ស្រុកជើងព្រៃ, ស្រុកបាធាយ, ស្រុកព្រៃឈរ។
តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានលើកឡើងថា ប្រទេសកម្ពុជា មិនយកពន្ធលើដីស្រែបង្កបង្កើនផល ជាលក្ខណៈគ្រួសារ និងរកទីផ្សារ លក់កសិផលពីប្រជាពលរដ្ឋ ដូចប្រទេសជិតខាងនោះឡើយ។ ហើយចំពោះអ្នកលក់ដូរអាជីវករ មានសិទ្ធិផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ និងអ្នកលក់ដូរតូចតាច ដោយមិនឲ្យបង់ផាស៊ីផងដែរ។
ជាមួយគ្នានោះ តំណាងរាស្ដ្រ ម៉ា ឈឿន បានអំពាវនាវឲ្យប្រជាពលរដ្ឋ សូមអញ្ជើញចូលរួមទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានលេខ រៀងទី២០ និងរូបសញ្ញា «ទេវតាបាចផ្កា» ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន បន្ដដឹកនាំប្រទេសកម្ពុជា ឲ្យមានសុខសន្ដិភាព និងការអភិវឌ្ឍន៍៕