(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា កម្លាំងនគរបាលជំនាញ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន២ករណី នៅខណ្ឌជ្រោយចង្វារ និងខណ្ឌទួលគោក រាជធានីភ្នំពេញ ដកហូតបានថ្នាំជាង៤គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ៤នាក់។
បើតាមរបាយការណ៍ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ដោយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៧) សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដឹកនាំដោយផ្ទាល់លោក ឧត្តមសេនីយ៍ទោ សៀង ណុល នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យ២នាក់ ដែលកម្លាំងនគរបាលជំនាញឃាត់ខ្លួនបាន ទី១៖ឈ្មោះ វណ្ណ លីន ភេទស្រី អាយុ២៧ឆ្នាំ និងទី២៖ឈ្មោះ ម៉ៅ ស៊ីធាន ភេទប្រុស អាយុ២៩ឆ្នាំ ដោយចាប់យកវត្ថុតាង សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់១៩៨៨.៦ក្រាម។
ដោយឡែកមួយករណីទៀត កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៣) សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយផ្ទាល់លោកឧត្តមសេនីយ៍ទោ ទ្រស សុខជា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅចំណុចក្នុងផ្ទះជួល លេខ១៣អា ផ្លូវ៦១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លទ្ធផលឃាត់ខ្លួនជន សង័្សយម្នាក់ឈ្មោះ ផន ពិសី ភេទស្រី អាយុ២២ឆ្នាំ ចាប់យកវត្ថុតាង សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់១០២៩.៧៩ក្រាម, ថ្នាំគ្រាប់មេតំហ្វេតាមីន (WY) ១០៩.០៥ក្រាម និងជញ្ជីងថ្លឹង០២គ្រឿង។
ឆ្លងតាមការស្រាវជ្រាវ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខបូរីឡាយគង់ សង្កាត់ដង្កោ ខណ្ឌដង្កោ កម្លាំងជំនាញបានបន្តឈានទៅចាប់ខ្លួន បក្សពួកម្នាក់ទៀត ឈ្មោះ វិន ចន្ធី ភេទប្រុស អាយុ២៤ឆ្នាំ បានចាប់យកវត្ថុតាង មេតំហ្វេតាមីន (ice) ៩៩៩.៦៦ក្រាមទៀតផង សរុបមេតំហ្វេតាមីន សរុប២១៣៨.៥ក្រាម ក្នុងនោះ ICE ២០២៩.៤៥ក្រាម និង WY ១០៩.០៥ក្រាម៕