(ត្បូងឃ្មុំ-កំពង់ចាម)៖ លោក វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម និងស្រុកតំបែរ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិក-សមាជិកា និងក្រុមការងារបក្ស នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម និងស្រុកតំបែរ ដើម្បីពិនិត្យតាមដាន សកម្មភាពឃោសនាបោះឆ្នោត។
ឃុំទាំង៥ ក្នុងស្រុកកំពង់សៀម ខាងលើនេះ រួមមាន៖ ឃុំអូរស្វាយ ស្រុកកំពង់សៀម, ឃុំក្រឡា ស្រុកកំពង់សៀម, ឃុំវិហារធំ ស្រុកកំពង់សៀម, ឃុំអំពិល ស្រុកកំពង់សៀម, ឃុំគគរ ស្រុកកំពង់សៀម។ មេឃុំ ក្នុងឃុំនីមួយៗ បានរាយការណ៍ជូនជ្រាបពីថា ក្នុងសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតនៅទូទាំងឃុំ គឺមានសកម្មភាពល្អប្រសើរ ក៏ដូចជាការចុះបង្រៀនសមាជិកដល់ខ្នងផ្ទះ ពីរបៀបគូសសន្លឹកឆ្នោត។
ក្នុងឱកាសនោះផងដែរ លោក វេង សាខុន បានណែនាំបន្ថែមដល់សមាជិក-សមាជិកា និងសកម្មជនបក្សនូវចំណុចចំនួន៤ សំខាន់ៗ រួមមាន៖
ទី១៖ ចុះស្រង់ឈ្មោះ និងក្តាប់ឲ្យបានពីសមាជិកបក្ស
ទី២៖ ចុះបង្រៀនពីរបៀបគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា
ទី៣៖ ដោះស្រាយមធ្យោបាយធ្វើដំណើរ ដល់ប្រជាពលរដ្ឋដែលគ្មានលទ្ធភាព
ទី៤៖ បង្កើនការប្រុងប្រយ័ត្ន ក្នុងអំឡុងពេលយុទ្ធនាការជៀសវាងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ និងត្រូវផ្គត់ផ្គង់ស្បៀងអាហារ ឲ្យបានគ្រប់គ្រាន់ដល់សមាជិក។
លោកក៏បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តរបស់ប្រធាន អនុប្រធានក្រុមការងារ សមាជិក-សមាជិកា និងសកម្មជនបក្ស ក្នុងយុទ្ធនាការបោះឆ្នោតទទួលបានលទ្ធផលគួរជាទីមោទនៈ ហើយសង្ឃឹមថាយើង នឹងទទួលបានជោគជ័យ។
ជាមួយគ្នានោះ លោក វេង សាខុន ក៏បានជម្រាបជូនសមាជិកបក្ស ពីសភាពការណ៍នយោបាយ សេដ្ឋកិច្ច និងសង្គម នាពេលបច្ចុប្បន្នដែលកំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរ និងមានចក្ខុវិស័យច្បាស់លាស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម និងស្រុកតំបែរ បានសំណូមពរដល់សមាជិក-សមាជិការ សកម្មជនបក្សទាំងអស់ត្រូវខិតខំបន្ត តាមដាមសកម្មភាពរបស់ក្រុមសង្កេតការ របស់អង្គការសង្គមស៊ីវិល មាននិន្នាការប្រឆាំងមួយចំនួន ដែលមានចេតនាមិនល្អ បំផ្លាញបរិយាកាសបោះឆ្នោះ និងមិនទទួលស្គាល់លទ្ធផល។
ទន្ទឹមគ្នានោះផងដែរ លោក វេង សាខុន ក៏បានអំពាវនាវឲ្យបងប្អូនសមាជិក-សមាជិកាទាំងអស់ អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដែលមានលេខរៀងទី២០ ឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន បន្ដដឹកនាំប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍថែមទៀត៕