Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក ប្រកាសឱ្យប្រជាកសិករនៅអមទន្លេមេគង្គលើ ប្រញាប់ប្រមូលកសិផលរបស់ខ្លួនឱ្យទាន់ពេលវេលា ព្រោះ២ទៅ៣ថ្ងៃទៀត ទឹកទន្លេនឹងហក់ឡើងខ្ពស់

16-07-2018 14:16

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសឲ្យបងប្អូនប្រជាសិករ ដែលប្រកបរបរកសិកម្ម នៅអមសងខាងទន្លេមេគង្គលើ និងតំបន់ទំនាបនានា មេត្តារួសរាន់ប្រមូលកសិផល ឱ្យបានទាន់ពេលវេលា ព្រោះ២ ទៅ៣ថ្ងៃទៀត ទឹកទន្លេមេគង្គលើនឹងហក់ឡើង ហើយចាប់ផ្តើមហូរចូលតាមព្រែក និងតំបន់ទំនាបនានា នៅអមសងខាងទន្លេមេគង្គលើ។ នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែកក្កដានេះ។

ក្រសួងធនធានទឹកបានឱ្យដឹងទៀតថា ដោយសារតែឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាបដែលកើតឡើង និងកំពុងស្ថិតលើតំបន់ផ្ទៃរងទឹកភ្លៀង របស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ បានធ្វើឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងបង្កឱ្យទឹកទន្លេមេគង្គហក់ឡើង។

ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលកំពុងប្រកបរបរកសិកម្មអមសងខាងផ្លូវទឹក និងតំបន់នានា មេត្តារួសរាន់ប្រមូលកសិផលឱ្យបានទាន់ពេលវេលា៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ដូចខាងក្រោម៖