(ស្ទឹងត្រែង)៖ ឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ ដែលក្រុមឈ្មួញបានលបលួចដាក់ តាមដងទន្លេនៃខេត្តស្ទឹងត្រែង ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលជលផល នៃមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង សហការជាមួយឆ្មាំទន្លេអភិរក្សសត្វផ្សោត កម្លាំងប៉ុស្តិ៍នគរបាល និងសហគមន៍នេសាទ បានបើកយុទ្ធនាការក្តៅ បង្ក្រាបបទល្មើសនេសាទ ខុសច្បាប់ទ្រង់ទ្រាយធំ ក្នុងរដូវបិទនេសាទនេះ ដោយរឹបអូសបានវត្ថុតាងជាច្រើន យកទៅដុតកម្ទេចចោល។
យុទ្ធនាការនោះត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ រហូតមកត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមដងទន្លេមេគង្គទន្លេសេកុង និងដងទន្លេសេសាន។
លោក ទុំ នីរ៉ូ ប្រធានជលផលខេត្តស្ទឹងត្រែង បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងជលផលបានឈាន ទៅបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំ និងដកបានម៉ងបណ្តែតក្រឡាចាប់ពី ៧សង់ទីម៉ែត្រ ទៅ៣០សង់ទីម៉ែត្រ ចំនួន៣៨០ត្បូង មានប្រវែងសរុបប្រមាណ ៣០,៤០០ម៉ែត្រ, ដាយចំនួន៥មាត់ ប្រវែង២៥០ម៉ែត្រ, លបប្រើសចំនួន៥ដៃ ប្រវែង១០០ម៉ែត្រ, បានយកទៅដុតកម្ទេចចោល។
លោកបន្តថា នៅក្នុងការបង្ក្រាបនោះ កម្លាំងជលផលបានឃាត់ខ្លួនជនសង្ស័យចំនួន ២៥៧នាក់ ដើម្បីនាំយកទៅអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ ការប្រព្រឹត្តនៅរដូវបិទនេសាទខុសច្បាប់នេះ តទៅទៀត។
ជាមួយគ្នានេះដែរ ក្រុមការងារខណ្ឌរដ្ឋបាលជលផល បានទទូចសំណូមពរ ទៅកាន់ប្រជានេសាទទាំងអស់ សូមមេត្តាបញ្ឈប់ជាបន្ទាន់ នូវការនេសាទខុសច្បាប់ទ្រង់ទ្រាយតូច/ធំ ជាពិសេស ចាប់ត្រីមេពូជធំៗ ដែលវាអាចធ្វើឲ្យមហន្តរាយ ដល់មច្ឆាជាតិ ដែលជាធនធានធម្មជាតិរបស់យើង៕