(ភ្នំពេញ)៖ ក្រោមការកៀរគររបស់លោកបណ្ឌិត ឡី សុភាព ប្រធានគណៈកម្មាធិការ សាខាគណបក្សយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជា មានយុវជនប្រមាណ៥០០នាក់ បានស្ម័គ្រចិត្តរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ហើយនាថ្ងៃទី១៦ ខែកក្កដានេះ សមាជិកបក្សថ្មីខាងលើ ត្រូវបានលោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ប្រកាសទទួលស្គាល់ជាផ្លូវ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
សមាជិកបក្សថ្មីខាងលើ គឺមកពីតាមផ្នែកតាមវិស័យនៃសមាគមយុវជនសេដ្ឋកិច្ច។ តំណាងសមាជិកបក្សថ្មីបានឡើងប្ដេជ្ញាចិត្តគាំទ្រ និងអនុវត្តតាមគោលនយោបាយគណបក្ស ព្រមទាំងប្រកាសយ៉ាងមុតមាំថា ពួកគេនឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០នៅលើសន្លឹកឆ្នោត ឱ្យទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឆាប់ៗខាងមុខ។
បន្ទាប់ពីការប្ដេជ្ញារបស់សមាជិកថ្មីរួចមក លោក ប៉ា សុជាតិវង្ស បានណែនាំនូវអនុសាសន៍ និងលក្ខខណ្ឌមួយចំនួនដល់សមាជិកបក្សថ្មី ដែលជាកម្លាំងគាំទ្រដ៏សំខាន់មួយ នៅរាជធានីភ្នំពេញ។
ជាមួយគ្នានោះ លោកក៏បានរៀបរាប់ពីស្ថានការណ៍នយោបាយថ្មីៗដែលកើតឡើងក្នុងប្រទេស ពន្យល់ប្រាប់សមាជិកថ្មីឱ្យកាន់តែយល់ច្បាស់ គួបផ្សំនឹងការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីការផ្ដួលរំលំរបបខ្មែរក្រហម ការស្វែង និងការពារសន្តិភាព ស្ថិរភាព ការខិតខំអភិវឌ្ឍន៍ប្រទេស រឹតចំណងការទូតជាមួយអន្តរជាតិ កសាងហេដ្ឋារចនាសម្ព័ន្ធ ជំរុញការវិនិយោគ ជំរុញទេសចរណ៍ យកចិត្តទុកដាក់ទំនុកបម្រុង និងការផ្ដល់របបសន្តិសុខសង្គមជូនកម្មករ-កម្មការិនី ពិសេសគឺការទប់ស្កាត់នូវផែនការបដិវត្តពណ៌របស់អតីតបក្សប្រឆាំង។
លោកបានអះអាងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលខិតខំរក្សាការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា អនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានា ការពារលទ្ធិប្រជាធិបតេយ្យ ការពារបូរណភាពទឹកដី លើកស្ទួយតម្លៃវប្បធម៌ជាតិ ដូចជាថ្មីៗនេះ កម្ពុជាបានប្រារព្ធពិធីរំឭកខួបនៃការចុះបញ្ជីប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកជាដើម។
លោកបានអំពាវនាវដល់សមាជិកបក្ស ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់ សូមចូលរួមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី២០ ដើម្បីបន្តរក្សាសន្តិភាព និងអភិវឌ្ឍកម្ពុជាឱ្យបន្តរីកចម្រើនទៅមុខ។
លើសពីនេះ លោក ប៉ា សុជាតិវង្ស បានផ្ដាំផ្ញើដល់សមាជិកថ្មីត្រូវអនុវត្តតាមគោលនយោបាយ របស់គណបក្សឱ្យបានខ្ជាប់ខ្ជួន ត្រូវសាមគ្គីផ្ទៃក្នុង និងត្រូវកៀរគរសំឡេងគាំទ្របន្ថែមជូនគណបក្សប្រជាជនកម្ពុជា ខណៈយុទ្ធនាការឃោសនារកសំឡេងឆ្នោតកំពុងដំណើរការ រហូតដល់ថ្ងៃទី២៧ ខែកក្កដាខាងមុខ ពិសេសត្រូវបន្តពន្យល់ដល់ប្រជាពលរដ្ឋឱ្យគាំទ្រ គណបក្សប្រជាពលរដ្ឋប្រកបដោយភាពជឿជាក់៕