(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មី ក្រោមអធិបតីភាពលោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខណ្ឌដង្កោ និងជាប្រធានក្រុមការងារចុះជួយ សង្កាត់ព្រែកកំពឹស នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។
ក្រោមការចុះពង្រឹងមូលដ្ឋានរបស់លោក រ័ត្ន ស្រ៊ាង ក្នុងឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស បានទទួលសមាជិកថ្មី ដែលប្តូរចិត្តពីការគាំទ្របក្សដ៏ទៃ ចំនួន៤១២នាក់ ក្នុងនោះភាគច្រើនស្ទើរតែទាំងអស់ គឺជាសមាជិកមកពីអតីតគណបក្សសង្គ្រោះជាតិ។
លោក រ័ត្ន ស្រ៊ាង បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា គណបក្សប្រជាជនកម្ពុជា តែងបើកទ្វារស្វាគមន៍ជានិច្ច ចំពោះការចូលរួមក្នុងជីវភាពនយោបាយ របស់ប្រជាពលរដ្ឋមកពីគ្រប់ទិសទី ក្នុងន័យរួបរួមគ្នាជាខ្មែរតែមួយ ជួយកសាងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន មានការអភិវឌ្ឍ និងមានសន្តិភាពពេញលេញ។
បើតាមលោក រ័ត្ន ស្រ៊ាង គណបក្សប្រជាជនកម្ពុជា មិនដែលយកខ្មែរណាជាសត្រូវនោះទេ ហើយក៏មិនមានការគុំគួន ដូចគណបក្សខ្លះនោះដែរ ផ្ទុយទៅវិញ គឺមានតែបង្រួបបង្រួមគ្នា កសាងប្រទេសឲ្យមានការរីកចម្រើនជឿនលឿនរុងរឿងតែប៉ុណ្ណោះ ហើយការចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា របស់សមាជិកថ្មីក្នុងថ្ងៃនេះ គឺជាសញ្ញានៃការរួបរួមសាមគ្គី របស់ប្រជាជាតិខ្មែរតែមួយ ដែលមានភាសារ, អក្សរ, ទំនាមទម្លាប់ ប្រពៃណីដូចគ្នា មានអធិបតេយ្យពេញលេញជាប្រទេសនីតិរដ្ឋ និងមានមេដឹកនាំប្រកបដោយ បញ្ញាញាណ ឈ្លៀសវៃមានគុណធម៌ និងមានទស្សនវិស័យវែងឆ្ងាយ នោះគឺសម្តេចតេជោ ហ៊ុន សែន។
ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ត្រូវដឹកនាំ សមាជិកបក្សក៏ដូចជាក្រុមគ្រួសារ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តដឹកនាំនាវាកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន និងមានការអភិវឌ្ឍន៍ ក្រោមដំបូលសន្តិភាពជារៀងរហូត។
ក្រោយចប់កម្មវិធី លោក រ័ត្ន ស្រ៊ាង បានបន្តដឹកនាំក្រុមការងារនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុទៅប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទាំង០២ ក្នុងសង្កាត់ព្រែកកំពឹស គឺវត្តព្រែកថ្លឹង និងវត្តកែវមុនី បំពេញកិច្ចប្រតិបត្តិជា ពុទ្ធសាសនិក ចំពោះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕