(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក និងមូលដ្ឋាន អញ្ជើញបន្តជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ពីឃុំតាថូ សារង្គ ផ្គាំ និងឃុំស្បូវ ស្រុកស្វាយចេក ដែលមានអ្នកចូលរួមជាង៣,០០០នាក់។
ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងបក្សមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រធានគណបក្ស និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្ស។
លោក កែ គឹមយ៉ាន បានបន្ថែមថា គណបក្សប្រជាជនដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់គោលនយោបាយ ប្រែក្លាយតំបន់អតីតសង្គ្រាមទាំងអស់ ទៅជាទីផ្សារ និងការអភិវឌ្ឍ ហើយបច្ចុប្បន្នតំបន់អតីតសមរភូមិសង្គ្រាមជាច្រើន បាននិងកំពុងក្លាយជាតំបន់អភិវឌ្ឍន៍ និងយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ បានកសាងផ្លូវថ្នល់ មន្ទីរពេទ្យ ពិសេសការដាក់ពង្រាយសាលារៀន រោងចក្រ ដល់មូលដ្ឋានដើម្បីបណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់ឱកាសការងារ បានកាន់តែច្រើន កាន់តែជិត និងកាន់តែងាយស្រួលបន្ថែមទៀត។
ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងដឹងគុណដល់សមាជិក សមាជិកទាំងអស់ នៃមហាគ្រូសារអ្នកបន្ទាយមានជ័យ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គ្រប់ៗអាណត្តិកន្លងមក ហើយសូមអញ្ជើញទៅបោះឆ្នោត គាំទ្របន្តទៀត នៅថ្ងៃទី២៩ ខែកកក្កដា ឆ្នាំ២០១៨ នៅលំដាប់លេខរៀងទី២០ ស្រួលចាំ ស្រួលគិត ស្រួលគូស ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឲ្យកាន់តែរីកចម្រើនខ្លាំងក្លា បន្តមិនយកពន្ធលើដីស្រែ និងការលក់ដូរកញ្ច្រែងកញ្ជើល្អី។
ភ្ជាប់ជាមួយនឹងសុទ្ធាជ្រះថ្លា លោក កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បានបន្តចូលរួមកសាងវត្តចំនួនពីរ វត្តប្រាសាទភាស ប្រក់ដំបូលព្រះវិហារទាំងស្រុង ព្រមទាំងប្រគេនស៊ីម៉ង់១០តោន និងបច្ច័យកសាង៥លានរៀល និងវត្តផ្លាស់កង់ ប្រគេនស៊ីម៉ង់១០តោន និងបច្ច័យកសាង៥លានរៀល ចូលរួមកសាងព្រះវិហារ៕