(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុង២ករណីផ្សេងគ្នា ដកហូត បានថ្នាំញៀនក្រាមសថ្លាចំនួន៨កញ្ចប់ និងម៉ូតូ១គ្រឿង ក្រោយទទួលបញ្ជាដើម្បីយាមល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពីលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ។
ការឃាត់ខ្លួនជនសង្ស័យជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ទាំង៣នាក់ខាងលើនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី១៤ រហូតដល់ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែរមុខផ្ទះលេខ១១ ផ្លូវលេខ២៧១ ក្នុងភូមិ៧ និងត្រង់ចំណុចវាលខ្សាច់ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
លោកអនុសេនីយ៍ទោ អ៊ំ រតនា នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានបទបញ្ជាពី លោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌ ក្នុងការយាមល្បាតពួនស្ទាក់រក្សាសន្តិសុខ ដើម្បីត្រួតពិនិត្យរាល់សកម្មភាពមិនប្រក្រតីទាំងឡាយក្នុងមូលដ្ឋាន ទើបឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់។
ក្នុងករណីដំបូងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ី ប៊ុនធឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយដកហូតបានថ្នាំញៀន៤កញ្ចប់ ។ ចំណែកករណីមួយទៀត ឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិដាន និងម្នាក់ទៀតឈ្មោះ ម៉ន ម៉ុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ពួកគេទាំង២នាក់ ស្នាក់នៅការដ្ឋានសំណង់ផ្ទះល្វែង ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដកហូតបានថ្នាំញៀន៤កញ្ចប់ និងម៉ូតូ១គ្រឿង ម៉ាកហ្រ្វេសស៊ី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CO-7339 ដើម្បីបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក្នុងការកសាងសំណុំរឿង ចាត់ការតាមនីតិវិធីតែម្ដង៕