(ព្រៃវែង)៖ គណបក្សប្រជាជនកម្ពុជា បានគោលដាក់ចេញគោលនយោបាយច្បាស់លាស់ ក្នុងការដំឡើងប្រាក់ឈ្នួលប្រចាំខែរបស់កម្មករ និយោជិត បូកប្រាប់អត្ថប្រយោជន៍ផ្សេងទៀត លើកកម្ពស់លក្ខខណ្ឌការងារ និងការពារអាជីពរបស់កម្មករនយោជិត។
បន្ថែមលើសពី ការដំឡើងប្រាប់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបង្កើនប្រាក់សោធនសម្រាប់និវត្តជន និងអតីតយុទ្ធជន ក៏ត្រូវបានដាក់បញ្ចូលក្នុងគោលនយោបាយរបស់គណបក្ស សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ផងដែរ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ប្រមាណ១,០០០នាក់ នៅចុងសប្ដាហ៍មុននេះ សម្តេចក្រឡោហោម ស ខេង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា តែងតែគិតគូរជានិច្ច ដល់អត្ថប្រយោជន៍ការងារចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកម្មករ និយោជិត ដោយអាចបើកប្រាក់២សប្តាហ៍ម្តងក្នុងមួយខែ។
បន្ថែមលើសពីអត្ថប្រយោជន៍ការងារ ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកម្មករ និយោជិត និងការធានាសុខសន្តិភាពជូនប្រជាជន និងជាតិមាតុភូមិ សម្តេចក្រឡោហោម ស ខេង បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ក៏បានគិតគូរពីអត្ថប្រយោជន៍ដល់ប្រជាកសិករ នៅមូលដ្ឋានថែមទៀត។
សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា គោលនយោបាយគណបក្សប្រជាជនចំពោះកសិករ នោះគឺការមិនយកពន្ធលើដីកសិកម្មរបស់កសិករ ដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ ជួយកសិករធានាការពង្រីកផលិតកម្ម ហើយប្រជាជនដែលគ្មានដី នឹងទទួលបានដីសម្រាប់សង់លំនៅឋាន និងបង្កង្កើនផលតាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច។
ក្នុងឱកាសនេះដែរ លោក ជាម ប៉េអា បេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអំពាវនាវដល់សមាជិក សមាជិកា និងប្រជាជនទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីធានារក្សាសនិ្តភាព និងការអភិវឌ្ឍយូរអង្វែង៕