(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថានភាពទឹកនៅស្ទឹងសង្កែ ខេត្តបាត់ដំបង បានចាប់ផ្តើមហក់ឡើងវិញ ប៉ុន្តែគ្មានបញ្ហាអ្វីកើតឡើងនោះទេ ដូច្នេះសូមឱ្យប្រជាពលរដ្ឋទាំងអស់ នៅក្រុងបាត់ដំបង កុំមានការព្រួបារម្ភចំពោះស្ថានភាពទឹកខាងលើនេះ។ នេះបើយោងតាម Facebook ផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅព្រឹកនេះ។
នៅក្នុង Facebook របស់ក្រសួងធនធានទឹកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការធ្លាក់ភ្លៀងបន្ថែមក្នុងបរិមាណជាង ៦៦មីលីម៉ែត្រ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកសំឡូត បានធ្វើឱ្យទឹកស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង ហក់ឡើងជាថ្មីម្តងទៀត។ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកស្ទឹងសង្កែ មានកម្ពស់១២.៥២ម៉ែត្រ គឺខ្ពស់ជាងកម្ពស់ទឹកដែលបានហក់ឡើង អតិបរមានាពេលថ្មីៗនេះ០.១០ម។ ការហក់ឡើងជាថ្មីនេះ ពុំមានអ្វីគួរឱ្យព្រួយបារម្ភទេ ហើយទឹកនឹងស្រកចុះវិញ ក្នុងរយៈពេល២ដល់៣ ថ្ងៃខាងមុខ»។
ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ ពិសេសផ្នែកខាងក្រោមស្ទឹង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕