(ភ្នំពេញ)៖ ដើម្បីផ្តល់ជាភាពងាយស្រួល និងចំណេះដឹងបន្ថែមដល់ប្រជាពលរដ្ឋ សម្រាប់ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាននិងកំពុង ផ្តល់ជាសេវាកម្មសំខាន់ៗចំនួន៧ប្រភេទ សម្រាប់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ នេះបើយោងតាមអ្នកនាំពាក្យរបស់ គ.ជ.ប លោក ឌឹម សុវណ្ណារុំ ដែលថ្លែងប្រាប់ បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ។
លោក ឌឹម សុវណ្ណារុំ បានឱ្យដឹងថា សេវាកម្មសំខាន់ៗចំនួន៧ប្រភេទរបស់ គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦នេះរួមមានដូចជា៖
-SMS ជារៀងរាល់ថ្ងៃទៅកាន់ទូរស័ព្ទដៃចំនួនជាង៥លានទូរស័ព្ទដៃ
-ស្វែងរកឈ្មោះម្ចាស់ឆ្នោតតាមរយៈទូរស័ព្ទដៃ voterlist KH (app)
-ស្វែងរកឈ្មោះក្នុងបញ្ជីបោះឆ្នោត www.voterlist.org.kh
-google map នាំម្ចាស់ឆ្នោតទៅកាន់ការិយាល័យបោះឆ្នោត www.pollingstation.org.kh
-សំណួរ-ចម្លើយ អំពីម្ចាស់ឆ្នោតតាមរយៈសេវាទូរស័ព្ទមិនគិតថ្លៃ 18002018 (សេវាមណ្ឌលព័ត៌មាន-Call Center)
-តាមដានការផ្សាយរបស់វិទ្យុ និងទូរទស្សន៍អនឡាញ តាមរយៈ CamNECNews (app)
-ព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោតមាននៅលើគេហទំព័រ គជប www.necelect.org.kh
គួរបញ្ជាក់ដែរថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ គិតមកដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ នៅសល់តែ១៣ថ្ងៃទៀតប៉ុណ្ណោះនឹងឈានចូលមកដល់ហើយ៕