(ភ្នំពេញ)៖ លោកអ្នកប្រហែលជាមិនទាន់ភ្លេចនៅឡើយទេថា កម្មវិធីព័ត៌មាន App Fresh News ត្រូវបានបង្កើតមុនគេបង្អស់នៅកម្ពុជា ក្នុងចំណោមកម្មវិធីព័ត៌មាននានា នៅលើទូរស័ព្ទដៃទំនើប ហើយឥលូវនេះ Fresh News បាននាំយកបច្ចេកវិទ្យាថ្មីសន្លាងមួយទៀត សម្រាប់ផ្ដល់ជូនទស្សនិកជនដែលនិយមតាមដានព័ត៌មានថ្មីៗនោះគឺ App Fresh News TV នៅលើទូរទស្សន៍ Smart TV ដែលកំពុងផ្សាយផ្ទាល់ព័ត៌មានពេញ២៤ម៉ោង លើ២៤ម៉ោង (Non Stop)។

លោកអ្នកអាចមើលទូរទស្សន៍ព័ត៌មាន Fresh News នៅតាមគេហដ្ឋានរបស់លោកអ្នកបានយ៉ាងងាយស្រួល

 

ទូរទស្សន៍ព័ត៌មាន Fresh News កំពុងផ្សាយផ្ទាល់លើ Smart TV នៅតាមគេហដ្ឋានរបស់លោកអ្នក

នេះជាការបន្ថែម Channel ថ្មីមួយទៀតក្នុងការផ្សព្វផ្សាយព័ត៌មានរបស់អង្គភាពព័ត៌មាន Fresh News ។ ពួកយើងមាន Channel សំខាន់ៗចំនួន៦ដូចជា កម្មវិធីព័ត៌មាន App Fresh News (App) គេហទំព័រព័ត៌មាន (Website) វិទ្យុ Fresh News (Radio) ទូរទស្សន៍ព័ត៌មាន Fresh News (TV) បណ្ដាញទំនាក់ទំនងសង្គម (Facebook) និង (Youtube) ផងដែរ។

ដោយសារវាហាក់ដូចជាថ្មីបន្តិច លោកអ្នកប្រាកដជាឆ្ងល់ហើយថា អ្វីជា Smart TV? អ្វីជា App Fresh News TV ហើយវាខុសគ្នា និងដូចគ្នាយ៉ាងដូចម្ដេចទៅនឹង App Fresh News នៅលើទូរស័ព្ទដៃទំនើប? តើត្រូវទាញយក និងប្រើប្រាស់ App Fresh News TV នៅលើ Smart TV យ៉ាងដូចម្ដេច? ហេតុអ្វីបានជាបច្ចេកវិទ្យាថ្មីនេះ ត្រូវបានបង្កើតឡើង? តើការប្រើប្រាស់ទូរទស្សន៍ Smart TV នេះ ផ្ដល់ផលប្រយោជន៍យ៉ាងណាខ្លះដល់អ្នកប្រើប្រាស់? ហេតុអ្វីបានជាគេមិនទស្សនាព័ត៌មាន កម្មវិធីកម្សាន្ត ឬភាពយន្តនានានៅលើ Facebook ឬ Youtube តែមួយមុខទៅ? ចម្ងល់ទាំងអស់នេះ នឹងត្រូវស្រាយបំភ្លឺនៅក្នុងអត្ថបទ និងវីដេអូពន្យល់ដូចខាងក្រោម។

លោកអ្នកធ្លាប់ស្គាល់តែទូរទស្សន៍ធម្មតា ដើម្បីទស្សនាទូរទស្សន៍នេះបាន ទាល់តែមានអង់តែនសម្រាប់ចាប់រកប៉ុស្តិ៍របស់ស្ថានីយទូរទស្សន៍នានា។ មួយវិញទៀត គឺទូរទស្សខ្សែកាប ដែលវាមានភាពទំនើបជាងទូរទស្សន៍ធម្មតាដែលមានច្រើនប៉ុស្តិ៍និងច្បាស់ជាង ប៉ុន្តែក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ ពិភពលោកបានបង្កើតទូរទស្សន៍ Smart TV ឬហៅជាខេរមភាសាថា «ទូរទស្សន៍វៃឆ្លាត ឬទូរទស្សន៍ទំនើប» មួយទៀត ដែលមានភាពទំនើប និងសម្បូរបែបជាងទូរទស្សន៍សម័យមុន។

អ្វីជាទូរទស្សន៍ Smart TV? Smart TV ជាប្រភេទទូរទស្សន៍ជំនាន់ថ្មី ដែលត្រូវបានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើប មិនចាញ់បច្ចេកវិទ្យាដែលមាននៅក្នុងទូរស័ព្ទដៃទំនើបឡើយ។ វាអាចប្រើប្រាស់បានយ៉ាងងាយស្រួល ឱ្យតែមានសេវា Internet ហើយវាក៏កំពុងតែដាក់លក់ក្នុងទីផ្សារកម្ពុជាយ៉ាងច្រើនអនេកនាពេលបច្ចុប្បន្នផងដែរ។

នៅលើ Smart TV លោកអ្នកអាចទាញយក (Install) កម្មវិធីជាច្រើនមកប្រើប្រាស់ដូចទៅនឹងទូរស័ព្ទដៃទំនើបអញ្ចឹងដែរ។ ដោយសារភាពវៃឆ្លាតនៃឧបករណ៍ទំនើបនេះហើយ ទើបអង្គភាពព័ត៌មាន Fresh News បានខិតខំបង្កើតកម្មវិធី Fresh News TV របស់ខ្លួននៅលើទូរទស្សន៍ Smart TV នេះ ដើម្បីពង្រីកការផ្សព្វផ្សាយជាលក្ខណៈ ទូរទស្សន៍ព័ត៌មានទៅដល់គេហដ្ឋានរបស់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយថែមទៀត ពោលមិនថាលោកអ្នកកំពុងស្ថិតនៅក្នុងប្រទេស ឬក្រៅប្រទេសឡើយ ក៏អាចទស្សនាព័ត៌មាន កម្មវិធីកម្សាន្ត ក៏ដូចជាភាពយន្តល្បីៗរបស់ទូរទស្សន៍ Fresh News នៅលើទូរទស្សន៍ Smart TV បានយ៉ាងងាយស្រួលផងដែរ។

ទូរទស្សន៍ព័ត៌មាន Fresh News កំពុងតែផ្សាយផ្ទាល់ជាប់រហូត (Non Stop) នៅលើទូរទស្សន៍ Smart TV និងតាមប្រព័ន្ធ Digital ដោយផ្សាយព័ត៌មានរៀងរាល់មួយម៉ោងម្តង ផ្សាយពេញ២៤ម៉ោងលើ២៤ម៉ោង។ មុខព្រួញនៃការផ្សព្វផ្សាយថ្មីនេះ គឺជាវិធីសាស្ត្រពិសេសដែលអង្គភាពព័ត៌មាន Fresh News ខិតខំប្រឹងប្រែងក្នុងការបញ្ជូនព័ត៌មាន ឱ្យកាន់តែទូលំទំលាយទៅដល់ដៃអ្នកអាន និងអ្នកទស្សនា។

ការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ព័ត៌មាន Fresh News នេះគឺធ្វើឡើងតាមរយៈការបង្កើត Data Center ប្រើប្រាស់ដោយខ្លួនឯងតែម្តង ដោយមិនចាំបាច់ឆ្លងកាត់បណ្តាញសង្គម ណាមួយឡើយដូចជា Facebook ឬ Youtube នោះទេ ដែលនេះជាស្នាដៃរបស់កូនខ្មែរតែម្តង។

ចំពោះរបៀបទាញយកកម្មវិធីទូរទស្សន៍ Fresh News នៅលើទូរទស្សន៍ Smart TV សូមអនុវត្តតាមការណែនាំក្នុងវីដេអូដូចខាងក្រោម៖