អាជ្ញាធរបើកឲ្យធ្វើចរាចរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ឡើងវិញ ក្រោយស្ថានភាពទឹកនៅស្ពានសំរោង ក្នុងស្រុកកំពង់សីឡា ស្រកចុះ!
16-07-2018 09:40
(ព្រះសីហនុ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ បានបញ្ជាក់ថា ការធ្វើចរាចរនៅកំណត់ផ្លូវជាតិលេខ៤ ត្រូវបានអនុញ្ញាតឲ្យធ្វើចរាចរឡើងវិញដូចធម្មតា ក្រោយស្ថានភាពទឹក នៅត្រង់ស្ពានសំរោង ស្រុកកំពង់សីលា បានស្រកចុះ។
ក្រសួងធនធានទឹក បានបញ្ជាក់យ៉ាងដូច្នេះថា «ទឹកស្ទឹងសំរោង នៅចំណុចស្ពានសំរោង ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្រ្តឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកចុះមួយកម្រិតបន្ថែមទៀតហើយ។ គិតត្រឹមម៉ោង៧៖៣០ នាទី ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៨នេះ ទឹកស្ទឹងមានកម្ពស់៥.៣០ម៉ែត្រ គឺទាបជាងកម្ពស់ទឹកហក់ឡើងអតិបរមានាវេលាល្ងាចម្សិលមិញ ០.៥៥ម៉ែត្រ។ ការធ្វើចរាចរឆ្លងកាត់តាមភូមិសាស្ត្រខាងលើ ត្រូវបានបើកឱ្យដំណើរការជាប្រក្រតីឡើងវិញហើយ»។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី១៥ ខែកក្កដាម្សិលមិញ ក្រសួងធនធានទឹក បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសផ្អាកការធ្វើចរាចរនៅកំណាត់ផ្លូវជាតិលេខ៤ នៅស្រុកកំពង់សីលា ដោយសារមានទឹកជំនន់ហូរកាត់ផ្លូវ៕