(បាភ្នំ-ព្រៃវែង)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី ១ខ្នង ២ជាន់ ១២បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅវិទ្យាល័យបឹងព្រះ ស្ថិតនៅភូមិអង្គ្រង ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមប្រមាណ ៣.០០០នាក់ លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានក្រុមការងារស្រុក និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ក្នុងពិធីនាពេលនោះ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសកូនចៅយុវវ័យជំនាន់ក្រោយត្រូវចងចាំជានិច្ចនូវមេរៀនជាប្រវត្តិសាស្ត្ររបស់ជាតិយើង ក្រោយការផ្ទុះសង្គ្រាមនៅឆ្នាំ១៩៧០ ការឆ្លងកាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ចាប់ពីឆ្នាំ១៩៧៥ និងការរស់ឡើងវិញ ដ៏អស្ចារ្យរបស់ទឹកដី និងប្រជាជនយើងក្រោយឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានផ្តួលរំលំ និងទប់ស្កាត់មិនឱ្យរបបឃោរឃៅប្រល័យពូជសាសន៍វិលត្រឡប់មកវិញសារជាថ្មីម្តងទៀត ព្រមទាំងការតស៊ូបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ បង្កលក្ខណៈសម្បត្តិឱ្យប្រទេសជាតិមានការរីកចម្រើន អភិវឌ្ឍ ដោយចីរភាព ជីវភាពប្រជាជន ពិសេសនៅតំបន់ជនបទក្រីក្រកាន់តែបានធូរធារជាលំដាប់។
ត្រង់ចំណុចនេះ លោកប្រធានក្រុមការងារក៏បានគូសបញ្ជាក់អំពីបំណងប្រាថ្នាដ៏ទទូចរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់នៅទូទាំងប្រទេសដែលចង់ឃើញមាតុភូមិជាទីស្រលាញ់របស់ខ្លួនបន្តមានសុខសន្តិភាព ស្ថេរភាព រឹងមាំលើមាគ៌ានៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋដែលសមស្របជាមួយនឹងស្ថានភាពនិងបរិបទជាក់ស្តែងរបស់កម្ពុជាដូចពេលបច្ចុប្បន្ន ដើម្បីការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមយ៉ាងឆាប់រហ័សសម្រាប់អនាគតរុងរឿងថ្កុំថ្កើងរបស់ទឹកដី និងប្រជាជនយើងជារៀងរហូត។
ចំពោះការវិវត្តប្រែប្រួលនៃស្ថានការណ៍ចុងក្រោយរបស់ប្រទេសជាតិទាក់ទងដល់ការឃោសនាអកុសលពីសំណាក់ក្រុមប្រឆាំងខុសច្បាប់នៅក្រៅប្រទេស ដែលកំពុងញុះញង់មូលបង្កាច់បង្ខូច បំផ្លើសការពិតសំដៅបំផ្លាញការបោះឆ្នោត និងប្រឆាំងផលប្រយោជន៍ប្រជាជនខ្លួនឯងផ្ទាល់តាមរយៈរបស់ដែលហៅថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា លោក ព្រុំ សុខា បានថ្លែងក្នុងនាមប្រជាពលរដ្ឋកម្ពុជាដែលធ្លាប់រងគ្រោះដោយសារសង្គ្រាមស៊ីវិល ដោយសាររបបប្រល័យពូជសាសន៍ ដោយសារមរតកនៃការប្រកួតប្រជែងមនោគមវិជ្ជាក្នុងសង្គ្រាមត្រជាក់កន្លងទៅថា៖ «យើងទាំងអស់គ្នាមានជំនឿថាអន្តរជាតិ និងមជ្ឈដ្ឋានបរទេសមួយចំនួននឹងផ្តល់យុត្តិធម៌ដល់ប្រជាជនកម្ពុជាដោយមិនប្រកាន់ជំហរ ឬធ្វើអំពើខុសឆ្គងណាមួយ ដែលផ្ទុយពីសច្ចៈធម៌ប្រវត្តិសាស្ត្រ ដូចក្នុងដើមទសវត្សទី៨០សារជាថ្មីម្តងទៀតនោះទេ» ។
បន្ទាប់ពីបានធ្វើការកោតសរសើរដល់ប្រជាពលរដ្ឋទូទាំងឃុំដែលនៅតែរួបរួមសាមគ្គីគ្នាគាំទ្រដោយឥតងាករេចំពោះការដឹកនាំរបស់គណប្រជាជនកម្ពុជា ថ្លែងចុងក្រោយនៃពិធី លោកប្រធានក្រុមការងារស្រុកបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ទាំងអ្នកដែលរស់នៅជាអចិន្ត្រៃយ៍ក្នុងមូលដ្ឋានភូមិឃុំ ទាំងអ្នកដែលធ្វើចំណាកស្រុក ហើយដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះឱ្យបានគ្រប់ៗគ្នាកុំបីអាក់ខាន។
បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ដើម្បីសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីការអភិវឌ្ឍសម្រាប់អនាគតត្រចះត្រចង់របស់យើងទាំងអស់គ្នា និងកូនចៅយើងជំនាន់ក្រោយបន្តទៅទៀត៕