(សៀមរាប)៖ ក្រោយត្រឡប់មកពីចុះមូលដ្ឋាន លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានជួបសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ដែលមកកំសាន្ត និងហាត់ប្រាណនៅសួរច្បារថ្មី ជាប់មាត់ស្ទឹងសៀមរាប ក្បែរព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប។
ប្រជាពលរដ្ឋ បានស្ញើចសរសើរការគាំទ្រចំពោះការដឹកនាំ និងការអភិវឌ្ឍក្នុងក្រុងសៀមរាប ជាក់ស្តែងសួនច្បារថ្មីនេះតែម្តង គឺនៅចំកណ្ដាលក្រុងប្រវត្តិសាស្ត្រ សៀមរាប-អង្គរ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណៈជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលកន្លែងសម្រាប់ជួបជុំគ្នា ក្រោយសម្រាកពីការងារ និងរកទទួលទាន ដើម្បីមកកំសាន្ត និងស្រូបយកខ្យល់អាកាសបរិសុទ្ធ ព្រមទាំងហាត់ប្រាណដើម្បីសុខភាពផងដែរ។
លើសពីនេះ ប្រជាពលរដ្ឋសន្យាថានឹងទៅបោះឆ្នោត ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ហើយពួកគាត់ជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានជ័យជម្នះនៅថ្ងៃបោះឆ្នោត ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងនេះ។
បន្ថែមពីនេះ ប្រជាពលរដ្ឋបានសំណូមពរដល់លោកអភិបាលខេត្ត មេត្តាជួយពង្រីកសួរច្បារបន្ថែមទៀត ព្រោះទីតាំងនេះមានមនុស្សច្រើន ហើយមានភាពចង្អៀតផងដែរ៕