(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ បានថ្លែងអំពាវនាវ ឲ្យប្រជាពលរដ្ឋត្រៀមឯកសារសម្រាប់ការចូលរួមបោះឆ្នោត និងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។
ការលើកឡើងរបស់ លោក ពេជ្រ កែវមុនី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ និងក្រុមការងារជាច្រើនរូបទៀត បានធ្វើឡើងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ នៅភូមិដំណាក់ភូមិ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាយប់នេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ និង លោកស្រី ទាវ ធីតា អនុប្រធាបគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ទឹងមានជ័យទី២ ព្រមទាំងសមាជិកសមាជិកាជាច្រើនរូបទៀត។
ទន្ទឹមនឹងនេះ លោក ពេជ្រ កែវមុនី បានលើកឡើងថា ក្នុងរយៈពេល៩ថ្ងៃ នៃយុទ្ធនាការនេះ ជាទូទៅយើងសង្កេតឃើញថា បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ និងគ្មានបញ្ហាអ្វីទាំងអស់ ដោយបណ្តាគណបក្សនយោបាយ ជាពិសេសគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់ទុំបានយល់ និងគោរពតាមគោលការណ៍ណែនាំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប យ៉ាងត្រឹមត្រូវ។
ជាមួយគ្នានេះ លោក ពេជ្រ កែវមុនី ក៏បានថ្លែងអំណរគុណ ចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំរបស់មន្ត្រី សមាជិក សមាជិកាគណបក្ស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលជាអ្នកគាំទ្រមកលើគណបក្សប្រជាជនកម្ពុជា នៅក្នុងការធ្វើសកម្មភាព ឃោសនានារយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ៕