(ពោធិ៍សាត់)៖ ដើម្បីចូលរួមទ្រទ្រង់ព្រះសង្ឃ ក្នុងឱកាសបុណ្យចូលព្រះវស្សានាពេលខាងមុខនេះ លោកឧកញ៉ា ទ្រី ភាព ប្រធានក្រុមហ៊ុន MDS បាននាំយកទៀនវស្សា និងសម្ភារៈបរិក្ខា ជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មកប្រគេនដល់ព្រះសង្ឃនៅវត្តចំនួន២៥ ក្នុងខេត្តពោធិ៍សាត់។
ពិធីនេះបានរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅក្រុមហ៊ុន MDS ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក ខូយ រីដា អភិបាលរងខេត្ត លោក ហេង សុភាណា អភិបាលស្រុកវាលវែង លោក សូ សាហុង អភិបាលស្រុកភ្នំក្រវាញ និងពុទ្ធបរិស័ទជាច្រើនទៀត។
គួរបញ្ជាក់ថា វត្តទាំង២៥នោះរួមមាន៖ វត្តមកពីស្រុកវាលវែង១៤វត្ត ក្រុងពោធិ៍សាត់០៣វត្ត ស្រុកភ្នំក្រវាញ០៧វត្ត និងស្រុកបាកាន០១វត្ត។ វត្តនីមួយៗទទួលបាន ទៀនវស្សា០៤ដើម អង្ករ០២ការ៉ុង ទឹកដោះគោ០១កេស មីយើង០៥កេស ទឹកក្រូច០២កេស ទឹកបរិសុទ្ធ០២កេស ប្រេងឆា១០លីត្រ ទឹកស៊ីអ៊ីវ០៥យួរ ទឹកត្រី០៥យួរ ខ្ទឹមស១០គីឡូក្រាម ប៊ីចេង១០គីឡូក្រាម អំបិល១០គីឡូក្រាម ស្ករស១០គីឡូក្រាម ត្រីងៀត និងសាច់ក្រក១០គីឡូក្រាម ត្រីផាត់១០គីឡូក្រាម ប្រេងម៉ាស៊ូត៣០លីត្រ និងបច្ច័យកសាងវត្ត៥០ម៉ឺនរៀល។ ប្រគេនព្រះសង្ឃក្នុងមួយអង្គ សាដក់០១ប្រអប់ បច្ច័យ២០ម៉ឺនរៀល និងតាអាចារ្យ២៥នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល សរុបជាទឹកប្រាក់អស់ជាង ៧៩លានរៀល។
ឆ្លៀតក្នុងឱកាសមុខពិធីរាប់បាតដល់ព្រះសង្ឃចំនួន១០០អង្គ, លោកឧកញ៉ា ទ្រី ភាព បានជម្រាបថា ទៀនវស្សា សម្ភារៈបរិក្ខា និងបច្ច័យដែលនាំយកមកប្រគេនដល់វត្ត និងព្រះសង្ឃនាពេលនេះ ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈរូបលោកផ្ទាល់។ លោកឧកញ៉ា ថ្លែងទៀតថា ដោយសារជិតដល់រដូវ ព្រះសង្សត្រូវគង់ចាំព្រះវស្សាអស់កាលមួយត្រីមាស ហើយក្នុងមួយត្រីមាសនេះ ស្ថិតក្នុងរដូវភ្លៀងធ្លាក់ជោគជាំ ព្រះបានបញ្ញាតិមិនឲ្យភិក្ខុ ឫសាមណេរ ចេញបិណ្ឌបាតនោះឡើយ។ ដូច្នេះពុទ្ធបរិស័ទចំណុះជើងវត្ត ត្រូវត្រៀមតាំងពីចង្ហាន់ សម្ភារៈបរិក្ខារផ្សេងៗ ដើម្បីផ្គត់ផ្គង់ដល់ព្រះសង្ឃក្នុងរដូវចូលព្រះវស្សានេះ។
លោកឧកញ៉ាបន្តទៀតថា ជារៀងរាល់ឆ្នាំរូបលោក និងក្រុមគ្រួសារ រួមជាមួយបុគ្គលិក ក្នុងក្រុមហ៊ុនទាំងអស់ តែងតែបានប្រគេនទៀនវស្សា និងសម្ភារ´បរិក្ខារផ្សេងៗ ដល់ព្រះសង្ឃតាមវត្តអារាមមួយចំនួន ក្នុងខេត្តពោធិ៍សាត់ និងខេត្តក្រុងផ្សេងៗទៀត ដើម្បីចូលរួមឧបត្ថម្ភដល់ព្រះសង្ឃ គង្សចាំព្រះវស្សាអស់កាលមួយត្រីមាស ទៅតាមទំនៀមទំលាប់ព្រះពុទ្ធសាសនា តាំងពីដើមមក៕