(ភ្នំពេញ)៖ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនៅល្ងាចថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ មានការប្រារព្ធពិធីយ៉ាងមហោឡារិក ដើម្បីអបអរសាទរខួប ១០ឆ្នាំ (៧ កក្កដា ២០០៨-៧ កក្កដា ២០១៨) និងខួប ១ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០១៨) នៃការដាក់បញ្ចូលប្រសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ពិធីអបអរសាទរនូវជោគជ័យរបស់កម្ពុជាក្នុងការដាក់រតនសម្បត្តិទាំងពីរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជាផង។ ជាពិសេសនឹងមានការអញ្ជើញចូលរួមពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ប្រជាពលរដ្ឋរាប់ពាន់ នាក់ថែមទៀត។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន រំពឹងថា បារាំង នឹងលើកពានបាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ីនារាត្រីនេះ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់បានរួមគ្នាប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំ និង១ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុកទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អតីតព្រះមហាក្សត្រគ្រប់ជំនាន់ ដែលបានប្រឹងប្រែងសាងសង់បន្សល់ប្រាង្គប្រាសាទយ៉ាងច្រើនសម្រាប់កម្ពុជា និងបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងប្រឹងប្រែងជំរុញការដាក់ប្រាង្គប្រាសាទរបស់កម្ពុជាដទៃទៀតចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា នយោបាយសាងសន្តិភាពតាមព្រំដែនជាមួយប្រទេសជិតខាងជានយោបាយដ៏ចំាបាច់មួយសម្រាប់កសាងជាតិ និងជីវភាពប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងគោរពអំណរព្រះគុណព្រះមហាក្សត្រខ្មែរ ព្រះករុណ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការស្នើដាក់ប្រាសាទទាំងពីរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អំណរគុណដល់ក្រុមការងារសម្តេចវិបុលបញ្ញា សុខ អាន ដែលបានប្រឹងប្រែងរៀបចំដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ជាពេលវេលាដ៏លំបាកបំផុតកាលពី១០ឆ្នាំមុន ព្រោះតែការកើតឡើងនូវអរិភាពជាមួយប្រទេសថៃចំពេលដែលកម្ពុជា រៀបចំដំណើរការបោះឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានដាក់ចេញយន្តការ៣យ៉ាងបានដាក់ចេញព្រមៗនៅក្នុងពេលនោះ។ យន្តការនោះរួមមាន៖ ១. កម្រិតឲ្យកងទ័ពនៅទ្រឹង, ២. ប្រើប្រាស់ការទូតបើកទ្វារក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និង ៣. តុលាការអន្តរជាតិទីក្រុងឡាអេ ដើម្បីបកស្រាលក្រមទីក្រុងឡាអេឡើងវិញ។
* សម្តេចតេជោ ហ៊ុន សែន បានរំពឹងថា ភាគីថៃនឹងមិនប្រកាន់នូវអ្វីដែលសម្តេចរំលឹកពីការប៉ះទង្គិចកាលពីអតីតកាលនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីជម្លោះព្រំដែនជាមួយថៃកាលពីអតីតកាលនោះ គឺបានផ្តល់ជាពិសោធន៍យ៉ាងច្បាស់ថា ការកសាងសន្តិភាព ទំនាក់ទំនង និងសហប្រតិបត្តិការនៅតាមព្រំដែន នៅតែជាបញ្ហាដ៏សំខាន់។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលគឺប្រែក្លាយតំបន់អតីតសង្គ្រាមទាំងអស់ទៅជាទីផ្សារ និងការអភិវឌ្ឍ ហើយបច្ចុប្បន្នតំបន់អតីតសមរភូមិសង្គ្រាមជាច្រើនបាននិងកំពុងក្លាយជាតំបន់អភិវឌ្ឍន៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានគាំទ្រចំពោះរាជរដ្ឋាភិបាលលើបញ្ហាវប្បធម៌ជាពិសេសនៅពេលប្រាសាទព្រះវិហារ ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប្រជាពលរដ្ឋបានទូងស្គ វាយឃ្មោះ វាយពោត វាយចាន...។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានការជោគជ័យណាមួយដោយគ្មានការចូលរួមនោះឡើយ។ ការចូលរួមរបស់ប្រជាពលរដ្ឋបានក្លាយទៅជាឃឿនការពារសម្បត្តិវប្បធម៌ជាតិ ហើយក៏ជាឃឿនការពារជាតិកម្ពុជាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ជនរួមជាតិការពារប្រាង្គប្រាសាទដែលដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងប្រាង្គប្រាសាទដទៃទៀតដែលមិនទាន់បានដាក់បញ្ចូល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវរួមគ្នារក្សាឲ្យបាននូវស្នាដៃដែលជាកេរ្តិ៍មរតករបស់បុព្វបុរសខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសូមការយោគយល់អធ្យាស្រ័យចំពោះប្រជាពលរដ្ឋមួយចំនួនរស់នៅជិតតំបន់ប្រាសាទព្រះវិហារ ដែលត្រូវឲ្យផ្លាស់ប្តូរទីតាំងរស់នៅ ព្រោះដើម្បីបំពេញតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រជាពលរដ្ឋខ្មែរ និងអ្នកចូលរួមនៅក្នុងពិធីល្ងាចថ្ងៃនេះទាំងអស់ក្រោកឈរស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខន្ធប្រជាពលរដ្ឋជប៉ុន ដែលរងគ្រោះដោយសារទឹកជំនន់។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង១៨៖៤៨នាទីនាថ្ងៃអាទិត្យនេះ។
* កាំជ្រួចត្រូវបានបាញ់ឡើងនៅឯកីឡដ្ឋានអូឡាំពិកនៅដើម្បីអបអរសាទរ ការដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុកទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕