(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវគ្រួសក្រហមប្រវែង ៧,៥០០ម៉ែត្រ លូកាត់ផ្លូវ១៥កន្លែង ស្ថិតក្នុងឃុំអន្លង់វិល និងស្ពានបេតុងឆ្លងស្ទឹងពោធិ៍សាត់មួយកន្លែងទៀត មានប្រវែង៤៥ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតនៅក្នុងឃុំកញ្ជរ ស្រុកកណ្តៀង ដែលទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ស្ថាបនាដោយមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។
ពិធីនេះធ្វើឡើង នៅក្នុងបរិវេណវត្តកញ្ជរខាងត្បូង ដោយមានការចូលរួមពីមន្ត្រីអ្នកមុខអ្នកការ ក្រុមការងារចុះជួយ ឃុំ ស្រុក និងប្រជាពលរដ្ឋ ជិត៣ពាន់នាក់។
លោក កែវ រតនៈ និងលោក ម៉ៅ ធនិន បានថ្លែងថា ផ្លូវគ្រួសក្រហម៧,៥០០ម៉ែត្រ និងលូកាត់ផ្លូវ ១៥កន្លែង ពីភូមិអូរបាក្រង ឃុំអន្លង់វិល ស្រុកកណ្តៀង និងបន្តដល់ភូមិកែវមុនី្ន សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ និងស្ពានបេតុងឆ្លងកាត់ស្ទឹង ប្រវែង៤៥ម៉ែត្រ ស្ថិតក្នុងភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្តៀង គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីស្រឡាងមួយទៀត ពីរាជរដ្ឋភិបាលកម្ពុជា ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផលផ្សេងៗ។ សមិទ្ធផលនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលកន្លងមកជួបការលំបាក ព្រោះគ្មានផ្លូវ គ្មានស្ពានក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ជាពិសេសសិស្សានុសិស្សធ្វើដំណើរទៅសាលារៀន និងទៅកាន់មណ្ឌលសុខភាពជាដើម។
ថ្នាក់ដឹកនាំទាំង២ បានថ្លែងទៀតថា ជាង៣៩ឆ្នាំកន្លងមកនេះ សង្គមជាតិទាំងមូលទទួលបានសុខសន្តិភាព ស្ថិរភាព និងកសាងបាននូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់ទីកន្លែង ក្នុងនោះក៏មានស្រុកកណ្តៀងផងដែរ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងកាត់បន្ថយភាពក្រីក្រ។ តាមរយៈសមិទ្ធផលនេះ ថ្នាក់ដឹកនាំទាំង២ បានសំណូមពរដល់ប្រជាពលរដ្ឋ បន្តចូលរួមប្រើប្រាស់ និងថែរក្សាសមិទ្ធផលទាំងនេះ ឲ្យបានគង់វង្សល្អ និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់រួមដំណើរជាមួយ សម្តេចតេជោ ដើម្បីបានបន្តគ្រប់គ្រងដឹកនាំនាវាកម្ពុជាឆ្ពោះ ទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។
តាមរបាយការណ៍របស់លោកវរសេនីយ៍ឯក អ៊ុ មាស មេបញ្ជាការកងស្ថាបនាស្ពាន បានឲ្យដឹងថា នៅឆ្នាំ២០១៩ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ នៅមានការដូជាបន្តបន្ទាប់ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់នេះ គឺមានគម្រោងកសាងស្ពាន កូនប្រឡាយប្រវែង៤៥ម៉ែត្រ លូប្រអប់១កន្លែង និងកំណាត់ផ្លូវប្រវែង៧,៥០០ម៉ែត្រ ស្ពាន១កន្លែង ប្រវែង៣០ម៉ែត្រ និងលូប្រអប់ ១កន្លែងថែមទៀត៕