Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម៖ គ្មានបរទេសណាហ៊ានរំលោភបំពាន លើប្រាសាទព្រះវិហារយើងទៀតទេ

15-07-2018 17:08

(កំពង់ចាម)៖ «គ្មានបរទេសណាហ៊ានរំលោភបំពាន លើប្រាសាទព្រះហារយើងទៀតទេ» នេះជាសម្តីរបស់លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ដែលបានលើកឡើង ក្នុងពិធីអបអរសាទរខួបលើកទី១០ ប្រសាទព្រះវិហារ និងខួបលើកទី១ តំបន់ប្រាសាទសំបូរព្រៃគុក ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

កម្មវិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅវត្តនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានបន្តថា សម្បត្តិវប្បធម៌ទាំងនេះ គឺជាកេរដំណែលពីដូនតាបុព្វបុរសរបស់យើង បន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ ហើយត្រូវបានអន្តរជាតិទទួលស្គាល់ និងចាត់ទុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយទាំងអស់នេះ សបញ្ជាក់ឲ្យឃើញពីការគិតគូរ នៃការស្រលាញ់សម្បត្តិវប្បធម៌ ទាំងថ្នាក់ជាតិ និងថ្នាក់អន្តជាតិ។ ប៉ុន្តែអ្វីដែលជាគន្លឹះដ៏សំខាន់ គឺ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែបានយកចិត្តទុកដាក់ និងធ្វើការគិតគូរជាប់ជាប្រចាំ ក្នុងការអភិរក្ស និងថែរក្សារសម្បត្តិវប្បធម៌ជាតិ ក៏ដូចជាការដាក់បញ្ចូលសម្បត្តិវប្បធម៌ទាំងនោះ ចូលជាបេតិកភណ្ឌពិភពលោក ដើម្បីឲ្យពិភពលោកទាំងមូលទទួលស្គាល់នូវស្នាដៃ នៃបុព្វបុរសយើង។

លោក គួច ចំរើន បានថ្លែងរំលឹកថា កាលពី១០ឆ្នាំមុន ប្រាសាទព្រះវិហារដ៏ធំស្កឹមស្កៃរបស់យើង ត្រូវបានរាជរដ្ឋាភិបាលធ្វើការតស៊ូ ខិតខំ ឲ្យបានក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលយើងនៅចងចាំមិនភ្លេច។

សូមជម្រាបថា សម្បត្តិវប្បធម៌ខ្មែរ ដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោក មានចំនួន៨ រួមមាន៖ ទី១៖ ប្រាសាទអង្គរវត្ត បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២, ទី២៖ របាំព្រះរាជទ្រព្យ ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣, ទី៣៖ ល្ខោនស្រមោលស្បែកធំ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៥, ទី៤៖ ប្រាសាទព្រះវិហារ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨, ទី៥៖ បណ្ណាសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩. ទី៦៖ ល្បែងទាញព្រ័ត្រ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥, ទី៧៖ ចាប៉ីដងវែង ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥, និងទី៨៖ ប្រាសាទសំបូរព្រៃគុក ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ៕