(ភ្នំពេញ)៖​ នៅព្រឹកថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល ដើម្បីត្រួតពិនិត្យវាយតម្លៃយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងស្រុកមុខកំពូលក្នុងរយៈពេល ០៨ ថ្ងៃកន្លងមក និងដើម្បីដាក់ចេញវិធានការបន្ថែមជាក់ស្តែងមួយចំនួន សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ១២ថ្ងៃ ចុងក្រោយ ក្នុងគោលដៅឆ្ពោះទៅដណ្តើមយកភាពដឹកមុខ និងជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា និងប្រជាជន នាថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។

លោក វង្សី វិស្សុត បានសម្តែងនូវការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ទាំងមកពីថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងទឹកចិត្តមុះមុតខ្លៀវក្លា ប្រកបដោយក្តីសង្ឈឹមជឿជាក់ ដែលបានធ្វើឱ្យយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងស្រុកមុខកំពូលទាំងមូលក្នុងរយៈពេល ០៨ថ្ងៃកន្លងមកនេះ បានប្រព្រឹត្តិទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

លោក វង្សី វិស្សុត ក៏បានផ្តល់ការណែនាំដល់មន្រ្តីគណបក្សទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការតាមដានសភាពការណ៍នៅតាមមូលដ្ឋានភូមិឃុំរបស់ខ្លួនឱ្យបានល្អ ដោយមិនត្រូវមើលស្រាលសភាពការណ៍ជាដាច់ខាត។ ក្នុងន័យនេះ យើងត្រូវរក្សាការពារនូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋានឱ្យល្អ ដើម្បីធានាឱ្យដំណើរការនៃការឃោសនាបោះឆ្នោតរហូតថ្ងៃបោះឆ្នោតបានប្រព្រឹត្តិទៅដោយរលូន និងដោយស្មើភាពចំពោះគ្រប់គណបក្សនយោយទាំងអស់ផង និងដើម្បីបន្តធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅផង។

លោកស្នើសុំឱ្យមានភាពម៉ឹងម៉ាត់ក្នុងការអនុវត្តច្បាប់ រួមទាំងការពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាពិសេសការលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញឿន និងល្បែងស៊ីសងគ្រប់ប្រភេទ។

លោក វង្សី វិស្សុត ក៏ផ្តល់ការណែនាំផងដែរដល់មន្រ្តីគណបក្សទាំងអស់ ត្រូវតាមដានស្រាវជ្រាវ រួចទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវសកម្មភាព និងចលនាខុសច្បាប់ទាំងឡាយណា ដែលចង់មកបង្អាក់ និងបំផ្លាញដំណើរការនៃការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោតខាងមុខនេះ ប្រាស់ចាកពីគោលការណ៍នៃលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

លោក វង្សី វិស្សុត បានដាក់ចេញនូវវិធានការបន្ថែមជាក់ស្តែងមួយចំនួន សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតដែលនៅសល់ ១២ ថ្ងៃទៀតនេះ ដើម្បីដណ្តើមភាពដឹកនាំ និងជ័យជំនះដ៏ត្រចះត្រចង់ជូនគណបក្ស។ លោកក៏បានផ្តល់ការណែនាំដល់សមាជិកក្រុមការងារទាំងអស់ ត្រូវបន្តសកម្មភាពចុះតាមខ្នងផ្ទះសមាជិកបក្សជាបន្តទៅទៀត និងប្រាប់ឱ្យសមាជិកបក្សទាំងអស់ត្រូវអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ ការរីកចម្រើន និងការអភិវឌ្ឍន៍ក្រោមដំបូលសុខសន្តិភាព យូរអង្វែងតទៅមុខទៀត៕