(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី អៀង មូលី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ បានចុះជួបសំណេះ សំណាល និងបង្រៀនសមាជិកគណបក្សប្រជាជនកម្ពុជា ប្រមាណ៣៥០នាក់ នៅភូមិស្រែព្រីង ឃុំស្វាយរំពារ និងប្រជាជននៅតាមខ្នងផ្ទះប្រមាណ៥០នាក់ នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឱ្យគូសឱ្យចំលេខ រៀងទី២០ ដែលមានរូបសញ្ញាទេវតាបាចផ្កា។
ថ្លែងទៅកាន់អង្គពិធី និងប្រជាពលលោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា សុខសន្តិភាព និងការអភិវឌ្ឍ
ដែលយើងទទួលបានជាជោគជ័យរបស់យើងទាំងអស់គ្នា។ ជោគជ័យទាំងនោះកើតឡើងក្រោមការដឹកនាំរបស់គណ បក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី និងដោយសារការខិតខំប្រឹងប្រែងរបស់សមាជិកគណបក្សប្រជាជនកម្ពុជា ព្រមទាំងការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរផងដែរ។ ការសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនរបស់សមាជិកថ្មីៗរបស់យើង គឺជាការត្រឹមត្រូវ។
លោកទេសរដ្ឋមន្ត្រីបានបន្តថា ដោយសារការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនបានធ្វើឱ្យប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍ។ រាជរដ្ឋាភិបាលបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មន្រ្តីរាជការ កម្មករ និងប្រជាជនផងដែរ។ ក្នុងនោះ ប្រាក់ខែត្រូវបានដំឡើង២ដងក្នុងមួយឆ្នាំ។ ឯកម្មការិនីមានផ្ទៃពោះ ពេលសម្រាលបានកូន១នាក់ ទទួលបានការឧបត្ថម្ភ៤០០.០០០រៀល កូន២នាក់ បាន ៨០០.០០០ រៀល និងកូន៣នាក់ បាន១.២០០.០០០ រៀល រួមជាមួយការឧបត្ថម្ភ៥.០០០.០០០រៀល និងក្លាយជាចៅសម្តេចតេជោផង។ លើសពីនោះ កម្មការិនីយើងក៏បានឈប់សម្រាក៣ខែ ដោយមានប្រាក់ខែ១២០%ថែមទៀត។
នៅក្នុងអាណត្តិក្រោយ គឺពីឆ្នាំ២០១៨ ដល់២០២៣ យើងនឹងគិតគូរបើកប្រាក់ខែចំនួនពីរដងក្នុងមួយខែ ហើយកម្មករនឹងមានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការដែរ។ ចំណែកឯស្រ្តីក្រីក្រ ពេលមានផ្ទៃពោះក៏ទទួលបានការឧបត្ថម្ភដោយគិតពីពេលមានផ្ទៃពោះដល់ពេលសម្រាល អាចទទួលបានការឧបត្ថម្ភ សរុបចំនួន៧៦០.០០០រៀលផងដែរ។ នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ តាមការវិភាគរបស់អ្នក សេដ្ឋកិច្ច ប្រាក់ខែកម្មករយើងអាចឡើងដល់២៥០ដុល្លារក្នុងមួយខែ។ ដើម្បីបន្តទទួលបានអត្ថប្រយោជន៍ទាំងនេះ នៅថ្ងៃទី២៩ ខែកក្កដាខាងមុខ យើងត្រូវបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដែលនៅលេខរៀងទី២០ និងមានរូបសញ្ញាទេវតាបាចផ្កា។
មុននឹងបញ្ចប់ លោកទេសរដ្ឋមន្រ្តីបានពិនិត្យមើលលើគំរូសន្លឹកឆ្នោតដែលជូនប្រជាជនគូសសាកល្បង និងណែនាំឱ្យពួកគាត់គូសឱ្យបានត្រឹមត្រូវនៅថ្ងៃបោះឆ្នោតខាងមុខ។ នៅទីបញ្ចប់ លោកទេសរដ្ឋមន្រ្តីបានផ្តាំផ្ញើឱ្យប្រជាជនទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីសម្តេចតេជោបន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍតទៅមុខទៀត៕