(ភ្នំពេញ)៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ការបង្ហោះព័ត៌មានតាមបណ្តាញសង្គម Facebook គណនីឈ្មោះ «យមរាជ លោកកីយ៍» និងការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មានមួយចំនួនតូច ដែលជាព័ត៌មានមិនពិតបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលអង្គភាពសារព័ត៌មាន Fresh News
ទទួលបាននៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ។
មូលហេតុដែលកងរាជអាវុធលើផ្ទៃប្រទេស ចេញសេចក្តីប្រកាសព័ត៌មាននេះ ព្រោះកំឡុងរយៈពេលប៉ុន្មានថ្ងៃនេះ
មានគណនីមួយឈ្មោះ «យមរាជ លោកកីយ៍» ដែលមានឈ្មោះ សន សំនៀង អតីតជានាយទាហានកងរាជអាវុធហត្ថខេត្តកំពង់ធំ
ដែលត្រូវលុបឈ្មោះចេញពីក្របខណ្ឌកងរាជអាវុធហត្ថ ដោយក្រុមប្រឹក្សាវិន័យកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាំងពីឆ្នាំ២០១៧
បាននិយាយព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់ដល់កងរាជអាវុធហត្ថ។
តាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថ ការលុបឈ្មោះនេះ ដោយសារបុគ្គលឈ្មោះ សន សំនៀង
បានប្រព្រឹត្តខុសឆ្គងជាបន្តបន្ទាប់ ម្តងហើយម្តងទៀតដូចជា៖ បង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សស្លាប់នៅនឹងកន្លែង,
បាញ់បោះសេរី, និងបានប្រើហិង្សាលើបងថ្លៃស្រីម្នាក់បណ្តាលឲ្យសន្លប់។
ក្នុងសេចក្តីប្រកាសព័ត៌មាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំសូមជម្រាបជូនសាធារណជន
និងអ្នកសារព័ត៌មានបានជ្រាបថា ការនិយាយរបស់ឈ្មោះ សន សំនៀង នេះពុំមានការពិតទេ។ ចំពោះបុគ្គល និងអ្នកសារព័ត៌មាន
ដែលបានយកពាក្យសម្តី ឬវីដេអូរបស់ឈ្មោះ សន សំនៀង ទៅផ្សព្វផ្សាយតាមប្រព័ន្ធផ្សេងៗ ឬតាមបណ្តាញសង្គម
សុំជួយកែតម្រូវឡើងវិញ ស្របតាមច្បាប់ជាធរមាន»។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ក៏បានបញ្ជាក់ថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទុកឱកាសឲ្យបុគ្គលឈ្មោះ សន សំនៀង
ដើម្បីបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ហើយបើសិនបើបុគ្គលនេះនៅតែបន្តផ្សាយព័ត៌មានមិនពិត
ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថទៀត បុគ្គលនេះនឹងត្រូវបានចាត់ការតាមផ្លូវច្បាប់៕