(ភ្នំពេញ)៖ រហូតមកទល់ពេលនេះមានរយៈពេល១០ឆ្នាំហើយដែល ប្រាង្គប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក និងមានរយៈពេលមួយឆ្នាំហើយដែល តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ បច្ចុប្បន្នតំបន់ប្រាសាទទាំងពីរដែលពីមុនធ្លាប់តែឯកាប៉ុន្តែឥឡូវ នេះត្រូវបានទទួលនូវការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ និងទទួលបាននូវការការពារ និងអភិរក្សបានយ៉ាងល្អ។ តំបន់ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក បាននិងកំពុងរះ និងបង្ហាញខ្លួនយ៉ាងខ្ពស់ត្រដែត នៅក្នុងនាមប្រជាជាតិខ្មែរ ដែលធ្លាប់តែមានអរិយធម៌រុងរឿង និងបានស្រែកប្រាប់ទៅពិភពលោកថា «កម្ពុជាមានសន្ដិភាពពេញលេញនិង ប្រកបដោយការអភិវឌ្ឍ ព្រមទាំងមាន សមត្ថភាពក្នុងការគ្រប់គ្រងនិងការពារបេតិកភណ្ឌរបស់ខ្លួន» ផងដែរ។

ថ្ងៃនេះកម្ពុជាទាំងមូលបានប្រារព្ធខួប១០ឆ្នាំនៃការចុះប្រាសាទព្រះវិហារនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងខួបមួយឆ្នាំ នៃការចុះឈ្មោះតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នេះជាមោទនភាពជាតិរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនូវស្នាដៃជាច្រើនក្នុងការការពារ និងអភិរក្សបេតិកភណ្ឌជាតិ ដែលនៅក្នុងនោះរួមមាន៖

១៖ រមណីយដ្ឋានអង្គរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២

២៖ របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០០៣

៣៖ ល្ខោនស្រមោលស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃមនុស្សជាតិ នៅ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥

៤៖ ប្រាសាទព្រះវិហារ ត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨

៥៖ បណ្ណាសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួល ស្លែង ត្រូវបានចុះបញ្ជីនៃការចងចាំពិភពលោក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ ៦-ប្រពៃណីនិទានរឿងរាមកេរ្តិ៍ តាគ្រុឌ ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកនៃអង្គការយូណេស្កូនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៤ ៧-ល្បែងទាញព្រ័ត្រ ត្រូវបានចុះក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃ មនុស្សជាតិ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៥ និង ៨-ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦ ហើយ ៩-តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៧។

សមិទ្ធិផលជាប្រវត្តិសាស្ត្រនិងជាមោទនភាពជាតិដ៏មានសារៈសំខាន់ទាំងអស់នេះគឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងមិនចេះនឿយហត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងដោយមានការចូលរួម គាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ ខ្មែរគ្រប់ស្រទាប់វណ្ណៈ។ មោទនភាពជាតិ និងមោទនភាពវប្បធម៌ ព្រមទាំងកេរ្តិ៍ឈ្មោះល្បីរន្ទឺរបស់កម្ពុជានៅពេញពិភពលោកក្នុងនាមជា «ព្រះរាជាណាចក្រនៃវប្បធម៌» នឹងមិនអាចកើតមានឡើងបានឡើយ ប្រសិនបើគ្មានការដាក់ចុះអនុវត្តនូវនយោបាយ«ឈ្នះ-ឈ្នះ» ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម បានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍នៅកម្ពុជា និងបាននាំមកនូវសុខសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ ឯកភាពទឹកដី ឯកភាពជាតិជូនប្រជាជាតិខ្មែរទាំងមូល។ សន្តិភាព បានអនុញ្ញាតឱ្យកម្ពុជាដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិល សោកនាដកម្ម ប្រជាជនរស់នៅហែលឆ្លងកាត់ដោយឈាម និងទឹកភ្នែក ការសម្លាប់រង្គាលដោយរបបខ្មែរក្រហម ប៉ុល ពត មានឱកាសស្តារ និងកសាងប្រទេសឡើងវិញ រហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះព្រមទាំងបានកសាងកេរ្តិ៍ឈ្មោះដ៏ល្អនៅលើឆាកអន្តរជាតិ ទាំងលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច និងវប្បធម៌។

ជាមួយសករាជថ្មីក្រោយសន្តិភាពពេញលេញកម្ពុជាត្រូវបានគេស្គាល់ថាជា«ព្រះរាជាណាចក្រវប្បធម៌» ព្រោះសម្បូណ៌ទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌មានប្រាង្គប្រាសាទរាប់ពាន់ និងសម្បត្តិបេតិកភណ្ឌរូបី និងអរូបីជាច្រើនរាប់មិនអស់។ កម្ពុជាបានចាកចេញពីប្រទេសដែលគេធ្លាប់ស្គាល់ថាជា «វាលពិឃាត» មកជា «ព្រះរាជាណាចក្រនៃវប្បធម៌» ហើយសម្បត្តិវប្បធម៌ទាំងនេះបានក្លាយជាបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិទាំងមូលថែមទៀត។ នេះគឺពិតជាមោទនភាពជាតិដ៏ធំសម្បើម មិនអាចកាត់ថ្លៃបានឡើយ។ ហេតុអ្វីបានជាប្រជាជនកម្ពុជាត្រូវតែមាន មោទនភាពជាតិ និងមោទនភាពវប្បធម៌?

I- សង្គ្រោះជាតិ និងប្រជាជន សង្គ្រោះវប្បធម៌ជាតិផ្តើមចេញពីថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ដែលបានបានស្រោចស្រង់សង្គមជាតិកម្ពុជាពីទឹកដីមួយដែលនៅសល់តែគំនរផេះផង់ ស្លាកស្នាមនៃសង្គ្រាម និងអំពើប្រល័យពូជសាសន៍ បានក្លាយមកជាទឹកដី កំពុងមានការអភិវឌ្ឍប្រកបដោយល្បឿនលឿន និងចីរភាព។ រយៈកាល៣៨ឆ្នាំ បន្ទាប់ពីប្រទេសកម្ពុជាបានរួចរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុលពត មកដល់បច្ចុប្បន្ននេះ សង្គមជាតិកម្ពុជាយើង ទទួលបាននូវសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យជូនជាតិមាតុភូមិ និងប្រជាជន។ បណ្តាសមិទ្ធផលជាប្រវត្តិសាស្ត្ររយៈពេលជាង៣៨ឆ្នាំ នៃដំណើរការជាតិកម្ពុជា ដែលសម្រេចបានមកនេះ គឺមានតម្លៃមហាសាល និងមានអត្ថន័យសំខាន់បំផុតចំពោះស្ថិរភាព និងការរីកចម្រើនរបស់ប្រជាជាតិតទៅមុខទៀត។

កម្ពុជាដែលធ្លាប់តែគ្របដណ្តប់ដោយអស្ថិរភាព សង្គ្រាមរាំរ៉ៃ ឧក្រិដ្ឋកម្ម និងការបែកបាក់បានប្រែក្លាយជាទឹកដីប្រកបដោយសុខសន្តិភាព ស្ថិរភាព ការរួបរួមជាតិ ប្រជាធិបតេយ្យ និងនីតិរដ្ឋធ្វើឲ្យប្រជាជនបានរស់នៅយ៉ាងសុខដុមរមនា ព្រមទាំងចងចាំនូវរឿងរ៉ាវប្រវត្តិសាស្ត្រ។ កិត្យានុភាពជាតិកម្ពុជាដែលត្រូវបាត់បង់ក្នុងពេលកន្លងមក ត្រូវបានស្តារ និងលើកកម្ពស់ឡើងវិញ នៅលើឆាកអន្តរជាតិប្រកបដោយមោទនភាពជាតិ ក្នុងនោះប្រជាជនកម្ពុជាគ្រប់រូប ទោះបីធ្លាប់ឆ្លងកាត់របបកម្ពុជាប្រេជាធិបតេយ្យឬយុវវ័យ
ដែលមិនបានធ្លាប់ឆ្លងកាត់របបដ៏ឃោឃៅ គឺសុទ្ធតែមានចំណែក និងទទួលបានមនុញ្ញផលនៃជ័យជម្នះ ៧ មករា និងដំណើររីកចម្រើនទាំងអស់គ្នា។

រាល់សមិទ្ធផល ដែលសម្រេចបានជូនជាតិមាតុភូមិទាំងអស់នេះ គឺកើតឡើងដោយសារមានថ្ងៃទី៧ មករា ១៩៧៩ ដែលជាថ្ងៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ ដែលបានផ្តួលរំលំរបបដ៏ឃោឃៅយង់ឃ្នងនេះ ដែលបាននាំឲ្យសង្គមជាតិយើងទាំងមូលទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ កម្ពុជាមានក្តីសង្ឃឹមថា នឹងសម្រេចបាននូវជោគជ័យថ្មីៗទៀតលើគ្រប់វិស័យ ជាមួយការរួបរួមនៃរាល់កម្លាំងនយោបាយនៅក្នុងសង្គម លើមូលដ្ឋានដែលប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។ នេះជាកត្តាមួយដ៏មានសារៈសំខាន់ដើម្បីធានាបាននូវស្ថិរភាព ការបន្តដំណើរការអភិវឌ្ឍប្រទេសជាតិ ឲ្យមានភាពសុខដុមរមនាក្នុងសង្គម។ នៅក្នុងអាណត្តិទី ៥ នៃរដ្ឋសភា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកំពុងខិតខំប្រឹងប្រែងដោយបានដាក់ចេញនូវគោលនយោបាយចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៏ជាតិឆ្នាំ ២០១៥-២០១៨ ឲ្យសម្រេចបានលទ្ធផលដ៏ល្អប្រសើរថែមទៀត ដើម្បីការអភិវឌ្ឍរីកចម្រើននៃសង្គមជាតិ ធានានូវការលើកកម្ពស់អភិបាលកិច្ចល្អ ការលុបបំបាត់អំពើពុករលួយ ការពង្រឹងយុត្តិធម៌និងសមធម៌ សម្រាប់មនុស្សគ្រប់រូប ក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចឲ្យប្រកបដោយស្ថិរភាព ការគ្រប់គ្រងដីធ្លី ព្រៃឈើបរិស្ថានក៏ដូចជាធនធានធម្មជាតិប្រកបដោយចីរភាព និងការផ្តល់សេវាសាធារណប្រកបដោយការជឿទុកចិត្តជូនប្រជាពលរដ្ឋ។

II- កម្ពុជាប្រែក្លាយពីវាលពិឃាតមកជាព្រះរាជាណាចក្រនៃវប្បធម៌

ដោយការខិតខំ និងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា រួមទាំងការដាក់ចេញនូវគោលនយោបាយផ្សេងៗទាក់ទងនឹងវិស័យវប្បធម៌នោះហើយ បានប្រែក្លាយកម្ពុជាដែលគេធ្លាប់និយាយថា ជា «វាលពិឃាត» មកជា «ព្រះរាជាណាចក្រនៃវប្បធម៌» និងជាតួអង្គមួយដ៏លេចធ្លោ នៅលើវេទិកាបេតិកភណ្ឌពិភពលោក។ វប្បធម៌ គឺជាដួងព្រលឹងជាតិ ជាកោសិកានៃសង្គម ប៉ុន្តែគួរឱ្យសោកស្តាយ វិស័យវប្បធម៌ក៏ដូចជាវិស័យផ្សេងៗដទៃទៀតត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងដោយរបបខ្មែរក្រហម។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ កម្ពុជាបានខិតខំកសាងប្រទេសលើគ្រប់វិស័យពីបាតដៃទទេហើយនៅពេលនោះ វរៈសិល្បករ-សិល្បការិនីដែលនៅសេសសល់ពីការស្លាប់ បានខិតខំរួមគ្នាតាមគ្រប់រូបភាព និងតាមគ្រប់លទ្ធភាព ដើម្បីស្រោចស្រង់វិស័យវប្បធម៌ឱ្យរស់រានឡើងវិញ។

បច្ចុប្បន្ន បេតិកភណ្ឌវប្បធម៌សំខាន់ៗរបស់កម្ពុជា មិនត្រឹមតែជាកេតនភណ្ឌរបស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានចាត់ទុកជាធនធានសេដ្ឋកិច្ចមួយប្រកបដោយសក្តានុពល ខ្ពស់ផងដែរ។ ជាការពិត សម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ដែលត្រូវបានបន្សល់ទុកដោយបុព្វបុរសខ្មែរជាច្រើនតំណមកបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រ ជាពិសេសតាមរយៈទេសចរណ៍បេតិកភណ្ឌ និងវប្បធម៌ដែលជាវិស័យកំពុងមានសន្ទុះយ៉ាងខ្លាំងក្លា ដោយបាននាំមកនូវចំណូលរាប់ពាន់លានដុល្លារទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង វិស័យទេសចរណ៍នៅកម្ពុជាទាំងមូលបានក្លាយជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដោយបានរួមចំណែករហូតដល់ប្រមាណជា ១៦% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបានបង្កើតការងារជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោលរាប់សិបពាន់ ខណៈដែលមានភ្ញៀវទេសចរបរទេស បានចូលមកទស្សនាកម្ពុជា មានការកើនឡើងជារៀងរាល់ឆ្នាំ។

សមិទ្ធផលទាំងនេះនឹងអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ក៏ដូចជារួមចំណែកលើកកម្ពស់កិត្យានុភាព និងតម្លៃវប្បធម៌របស់ជាតិយើង តាមរយៈរូបភាពសិល្បៈដើម្បីសិល្បៈ សិល្បៈដើម្បីការអប់រំ សិល្បៈដើម្បីភាពរីករាយ សិល្បៈដើម្បីការអភិវឌ្ឍ សិល្បៈដើម្បីផលកម្រៃ និងសិល្បៈដើម្បីវប្បធម៌សន្តិភាព។ កម្ពុជាបានជំរុញឱ្យមានសកម្មភាពរៀបចំ និងបង្កើតទីផ្សារវប្បធម៌សម្រាប់បម្រើភ្ញៀវទេសចរណ៍នៅទូទាំងប្រទេសឱ្យកាន់តែមានភាពប្រសើរឡើង ដើម្បីទាញយកផលកម្រៃមកទ្រទ្រង់ជីវភាពប្រជាពលរដ្ឋយើង ក៏ដូចជារួមចំណែកលើកកម្ពស់តម្លៃសិល្បៈវប្បធម៌និងកិត្យានុភាពជាតិឱ្យស្របតាមគោលដៅ «កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌» រួមជាមួយនឹងយុទ្ធសាស្ត្រទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ»។ ដូច្នេះ ការរៀបចំឱ្យមានទីផ្សារវប្បធម៌នេះឡើង គឺពិតជាមានភាពចាំបាច់ និងសារៈសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជាដែលមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ទាំងផ្នែកទេសចរណ៍ធម្មជាតិ និងទេសចរណ៍បេតិកភណ្ឌវប្បធម៌។

III- ហេតុអ្វីពលរដ្ឋខ្មែរត្រូវមានមោទនភាពជាតិ និងមោទនភាពវប្បធម៌?

កម្ពុជាដែលសម្បូណ៌ទៅដោយកេតនភណ្ឌជាតិបានទទួលជោគជ័យជាបន្តបន្ទាប់ក្នុងការស្នើសុំដាក់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនូវសម្បត្តិវប្បធម៌របស់ខ្លួន។ កេរ្តិ៍ឈ្មោះកម្ពុជាបានល្បីរន្ទឺនៅលើពិភពលោក ហើយប្រជាជាតិខ្មែរទាំងមូល ពិតជាមានមោទនភាពដែលបានកើតនៅលើទឹកដីនៃព្រះរាជាណាចក្រនៃវប្បធម៌នេះ។ ដោយរាប់ត្រួសៗ
១៖ យើងមានមោទនភាពដោយសារតែភាពល្បីល្បាញរបស់ប្រាង្គប្រាសាទអង្គរវត្ត
២៖ យើងមានមោទនភាពដោយសារកម្ពុជាខិតខំតស៊ូទាំងផ្លូវការទូត និងច្បាប់ និងដណ្តើមជ័យជម្នះលើភាគីថៃលើរឿងក្តីប្រាសាទព្រះវិហារ
៣៖ យើងមោទនភាពដោយសារភាពសំបូរនៃវប្បធម៌រុងរឿងហើយតំបន់ប្រាសាទសំបូរព្រៃគុកត្រូវ
បានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាទ្រព្យសម្បត្តិមនុស្សជាតិ និង
៤៖ យើងនឹងមោទនភាពបន្ថែមទៀតនៅពេលដែលសម្បត្តិវប្បធម៌រូបី និងអរូបីរបស់កម្ពុជាមួយចំនួនទៀតនឹងអាចត្រូវបានស្នើសុំជាបន្តបន្ទាប់ដាក់ក្នុង បញ្ជីបេតិកភណ្ឌពិភពលោកសម្រាប់ប្រយោជន៍មនុស្សជាតិទាំងមូលនិងបើកផ្លូវសម្រាប់វប្បធម៌ផ្សេងទៀត

ពិភពលោកទាំងមូលបានស្គាល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាដោយកេរ្តិ៍ឈ្មោះល្បីរន្ទឺនៃប្រាង្គ ប្រាសាទអង្គរវត្ត។ ប្រសិនបើគ្មានសន្តិភាពទេ មោទនភាពជាតិខ្មែរ និងមោទនភាពវប្បធម៌ទាំងនេះ ក៏មិនកើតមានឡើងឡើយ។ ប្រជាជនកម្ពុជា ខ្លះអាចគិតថា នេះគឺជារឿងធម្មតា ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល បេតិកភណ្ឌពិភពលោកទាំងនេះ មានជាតម្លៃវប្បធម៌សកលមួយមិនអាចកាត់ថ្លៃបាន។ ហេតុដូច្នេះហើយបានជាយើងត្រូវជាជាតិខ្មែរត្រូវមានមោទនភាពជាតិ ហើយវប្បធម៌គឺជាកិច្ចការងារទូតមួយយ៉ាងមានប្រសិទ្ធភាពបំផុត។ ដូច្នេះ យើងត្រូវមានមោទនភាព និងរួមគ្នាជ្រោងទង់សន្តិភាពដែលយើងកំពុងមានហើយត្រូវពង្រឹងឡើងវិញនូវព្រលឹងជាតិខ្មែរនិយម ជុំវិញភាពខ្លាំងរបស់ខ្មែរ ដោយក្នុងនោះវប្បធម៌គឺជាផ្នែកមួយដ៏សំខាន់។ ព្រលឹងជាតិគឺធំជាងអ្វីៗទាំងអស់ ហើយយើងត្រូវចងចាំ និងផ្តល់តម្លៃខ្ពស់ចំពោះអ្នកដែលបានលះបង់ជីវិត យកជីវិតធ្វើដើមទុនដើម្បីតស៊ូធ្វើឱ្យជាតិរស់ឡើងវិញ រស់ឡើងដោយមោទនភាពដូចសព្វថ្ងៃនេះ។

ជាការពិត ការចុះបញ្ជីប្រាងប្រាសាទបុរាណខ្មែរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាមហាសមិទ្ធផលនិងជាកិត្យានុភាពដ៏ខ្ពង់ខ្ពស់ត្រដែតរបស់ជាតិយើង ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយវិរិយភាពជាប់មិនដាច់ និងឥតរាថយរបស់ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជារយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ នៅក្នុងការស្វះស្វែងនាំមកជូនប្រជាជនកម្ពុជានូវសុខសន្តិភាព ការបង្រួមបង្រួមជាតិ និងភាពសុខដុមរមនា ក៏ដូចជា ក្នុងការដឹកនាំកសាង និងអភិវឌ្ឍជាតិក្នុងគ្រប់វិស័យរួមទាំងការអភិរក្ស និងអភិវឌ្ឍន៍សម្បត្តិវប្បធម៌ និងប្រពៃណីមិនអាចកាត់ថ្លៃបានរបស់ជាតិយើងផងដែរ។

IV- ទន្ទឹមនឹងមោទនភាព តើពលរដ្ឋខ្មែរជាពិសេសយុវជនត្រូវធ្វើដូចម្តេច?

ក្រៅពីមានមោទនភាពជាតិ យុវជនជំនាន់ក្រោយត្រូវចេះថែរក្សា និងការពារបេតិកភណ្ឌវប្បធម៌របស់ខ្មែរ ដែលដូនតាបានបន្សល់ទុកជាច្រើនសតវត្សរ៍មកហើយ។ កម្ពុជាមិនមែនមានតែរមណីយដ្ឋានអង្គរមួយប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជានៅមានរមណីយដ្ឋានមានតម្លៃជាច្រើនផ្សេងទៀត ដូចជា រមណីយដ្ឋានកោះកែរ ប្រាសាទព្រះវិហារ ប្រាសាទសម្បូណ៌ព្រៃគុហ៍ អង្គរបុរី ភ្នំជីសូរ ប្រាសាទបឹងមាលា ប្រាសាទបន្ទាយឆ្មារ ប្រាសាទបាណន់ ប្រាសាទបាគង ប្រាសាទព្រៃនគរ ជាដើម។ ក្រៅពីបេតិកភណ្ឌរូបិយប្រទេសកម្ពុជានៅមានបេតិកភណ្ឌអរូបិយដ៏សម្បូរបែបផ្សេងៗទៀត ដែលអង្គការយូណេស្កូបានទទួលស្គាល់រួចហើយ ដូចជា របាំព្រះរាជទ្រព្យ និងល្ខោនស្បែកធំ។ មិនត្រឹមតែប៉ុណ្ណោះ រាជដ្ឋាភិបាលបាននិងកំពុងរៀបចំបែបបទស្នើសុំដាក់បញ្ចូលតន្រ្តីប្រគុំ ដោយឧបករណ៍ភ្លេងបុរាណខ្មែរ និងក្បាច់គុណបុរាណល្បុក្កតោទៅក្នុងបញ្ជីបេតិកភណ្ឌអរូបិយពិភពលោក។

បេតិកភណ្ឌដ៏ពិសិដ្ឋទាំងអស់នេះ អាចនឹងរលាយបាត់បង់ ប្រសិនបើយុវជនមិនបានបំពេញកាត្វកិច្ចការពារ និងថែរក្សាបេតិកភណ្ឌទាំងនោះទេ។ យើងទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ស្វែងយល់ និងស្គាល់ពីតួនាទីចម្បងរបស់ខ្លួនក្នុងការការពារ ថែរក្សាវប្បធម៌ប្រពៃណី ទំនៀមទំលាប់ និងអត្តសញ្ញាណជាតិ ពីព្រោះយុវជនជំនាន់ក្រោយគឺជាខ្សែចំណងតភ្ជាប់ពីជំនាន់មួយទៅជំនាន់មួយ និងជាអ្នកការពារទប់ទល់ការបាត់បង់អត្តសញ្ញាណជាតិដោយសារតែចរន្តសាភាវូបនីយកម្ម»។

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នេះ ប្រជាជនទូទាំងប្រទេសកម្ពុជានឹងចូលរួមអបអរសាទរខួបនៃការដាក់បញ្ចូលតំបន់ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភលោក ហើយកម្មវិធីជាផ្លូវការនឹងប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ យើងទាំងអស់គ្នាចូលរួមអបអរសាទរការបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកនេះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប្រកប ដោយមោទនភាពជាតិបំផុត។ ខ្ញុំមានមោទន ភាពចុះអ្នកទាំងអស់គ្នាមានមោទនភាពទេ? យើងពិតជាមានមោទនភាពជាតិរួមគ្នា និងសូមចូលរួមអភិរក្សការពារតំបន់ប្រាសាទសំបូរព្រៃគុក និងបេតិករភណ្ឌផ្សេងៗដែលខ្មែរមាន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែររាប់ជំនាន់តទៅមុខទៀត។ យើងខ្ញុំពិតជាមានមោទនភាពជាតិ ដែលប្រាង្គ ប្រាសាទសំបូរព្រៃគុកត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕

ដោយ៖ នេត្រ ភក្ត្រា
ខ្លឹមសារទាំងអស់នៅក្នុងអត្ថបទនេះគឺជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំបាទ មិនឆ្លុះបញ្ចាំងពីទស្សនៈយោបល់
ឬគោលជំហររបស់ស្ថាប័ននានាដែលខ្ញុំបាទកំពុងបម្រើការងារឡើយ