(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ អតីតៈជាអគ្គមេបញ្ជាការរង ជាប្រធានគណៈបញ្ជាការសមរភូមិទិសប្រាសាទព្រះវិហារ នៅថ្ងៃទី១៥ ខែកក្កដានេះ បានសួរសុខទុក្ខជូនពរ កងកម្លាំងជួរមុខ ក្នុងឱកាសខួបលើកទី១០ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ថ្ងៃនេះជាខួបលើកទី១០ឆ្នាំ ដែលរាជរដ្ឋាភិបាល បានសម្រេចយកថ្ងៃ១៥កក្កដា ប្រារព្ធពិធអបអរសាទរនៃការដាក់បញ្ចូលប្រសាទព្រះវិហារ ជាសម្បត្តិបេតិភ័ណ្ឌពិភពលោក គឺជាថ្ងៃប្រវត្តិសាស្ត្ររបស់ជាតិ។ រយៈពេល១០ឆ្នាំហើយ ដែលប្រាសាទព្រះវិហារក្នុង បុព្វហេតុការពារផង អភិរក្សផង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី រហូតក្លាយជាតំបន់ទេសចរ ប្រកបដោយសុខសុវត្ថិភាពនិង ការអភិវឌ្ឍដល់ថ្ងៃនេះ។

នាយឧត្តមសេនីយ៍ ជា តារា បានលើកឡើងថា ថ្ងៃ៧កក្កដា គឺជាថ្ងៃមោទនភាពជាតិធំធេងបំផុត ជាថ្ងៃចុះបញ្ជីប្រាសាទព្រះវិហារ ទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកនេះ បានធ្វើឲ្យពិភពលោក ទទួលស្គាល់ថា កម្ពុជាជាម្ចាស់នៃប្រាសាទនេះ គឺធ្វើឲ្យពិភពលោកដឹងថា ជាមរតករបស់ខ្មែរ បានក្លាយទៅជា សម្បត្តិបេតិភ័ណ្ឌពិភពលោក។

លោកបានបន្តថា ស្ថានការណ៍នៅតំបន់ប្រាសាទព្រះវិហារមានសភាពតានតឹង ចាប់ពីថ្ងៃទី១៥កក្កដា ឆ្នាំ ២០០៨ មានការប៉ះទង្គិចជាច្រើនលើក រហូតដល់ការវាយប្រយុទ្ធជាទ្រង់ទ្រាយធំ២លើកក្នុងឆ្នាំ២០១១ តែដោយសារការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើឲ្យព្រំដែនមានសុខសន្តិភាព ដើម្បីផលប្រយោជន៍ប្រជាជនតាម បន្ទាត់ព្រំដែន។

ក្នុងនាមអតីតៈជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិមុខទិសយោធភូមិភាគទី៤ លោកបានវាយតម្លៃអំពី ប្រការដែលនាំមកនូវជ័យជំនះនៅតំបន់ប្រាសាទព្រះវិហារ ទាំងវិស័យយោធា នយោបាយ ការទូត និងផ្លូវច្បាប់ ដែលយើងសម្រេចបានមកដល់ថ្ងៃនេះ គឺជាជ័យជំនះបានមកពីយើងបានរួមគ្នាអនុវត្តបទបញ្ជាតែមួយ គឺបទបញ្ជាដ៏មានប្រសិទ្ធភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងសិទ្ធិស្វ័យការពារទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា។

ទី១៖ ខ្មែរសម័យសម្តេចតេជោពេលនេះវេញចូលគ្នាជាធ្លុងមួយ កសាងបានជាចលនាស្នេហាជាតិក្រោមដំបូល ឆ័ត្រតែមួយ គឺការដឹកនាំរបស់រាជរដ្ឋាភិបាលកើតឡើងពីការបោះឆ្នោត កើតឡើងពីឆន្ទៈពិតៗរបស់ប្រជាជន។ កាលណោះការបោះឆ្នោតជាសាកលថ្ងៃ២៧ខែកក្កដាឆ្នាំ២០០៨ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈ លើសលប់គឺ៩០អាសនៈ។

ទី២៖ យើងមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួយឧបត្ថម្ភដល់កងទ័ព គ្រួសារទ័ព និងប្រជាជន តាមបន្ទាត់ព្រំដែន មានលំនៅដ្ឋានថ្មី មានផ្លូវគមនាគមន៍ខ្វាត់ខ្វែង មានសាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្តល់អណ្តូងទឹក អង្ករ បង្កើតភូមិអភិវឌ្ឍន៍គ្រួសារទ័ពជាច្រើនតាមបន្ទាត់ព្រំដែន ធ្វើឲ្យកងទ័ព កាន់តែមានលំនឹង ជាពិសេសការយកចិត្តទុកដាក់របស់សម្តេចទាំងពីរគ្រប់កាលៈទេសៈ គ្រប់រដូវកាល រដូវភ្លៀង ផ្តល់អាវភ្លៀង រដូវរងាផ្តល់អាវរងា មុង ភួយ …

ទី៣៖ កងទ័ពសមរភូមិមុខមានឆន្ទៈប្រយុទ្ធអង់អាចក្លាហានយល់ច្បាស់អំពីឫសគល់ដែលនាំឲ្យឈានដល់ សង្គ្រាមឈ្លានពានដោយប្រទេសថៃប្រឆាំងនឹងកម្ពុជា កងទ័ពយើងយល់ច្បាស់ថាចំណុចឈរជើងរបស់ខ្លួនជា ទឹកដីកម្ពុជា ហើយកំពុងអនុវត្តសិទ្ធិស្វ័យការពារទឹកដីរបស់ខ្លួន ប្រៀបបានជាអ្នកចាំផ្ទះ ស្របតាមប្រសាសន៍របស់ សម្តេចតេជោ គឺយើងមិនចង់បានដីថៃសូម្បីមួយមីល្លីម៉ែត្រតែក៏មិនអនុញ្ញាតឲ្យគេឈ្លានពានយើងសូម្បីមួយមីល្លី ម៉ែត្រដែរ។

ទី៤៖ យើងមានការគាំទ្រជួយឧបត្ថម្ភពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា គ្រប់ក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល អភិបាល នៃគណៈអភិបាលខេត្ត-ក្រុងទាំង២៤ អាជ្ញាធរដែនដី ក្រុមហ៊ុនឯកជន អង្គភាពសម្ព័ន្ធមេត្រីទាំងអស់ ដែលបានជួយ ឧបត្ថម្ភ បង្កលក្ខណៈដល់កងទ័ព មានការរីកចំរើនរឹងមាំ ជាពិសេសការចូលរួមគាំទ្រពីប្រជាពលរដ្ឋកម្ពុជាគ្រប់ ស្រទាប់វណ្ណៈ បង្កើតបានជាចលនាមោទនភាពជាតិខ្មែរ តាមរយៈមូលនិធិបាយ័ន ដែលបាននាំមកដល់ដៃ ដល់ មាត់យុទ្ធជននៅសមរភូមិមុខ ផ្តល់កម្លាំងគាំទ្រ ប្រកបដោយទឹកចិត្តស្នេហាជាតិបរិសុទ្ធ ដើម្បី ការពារផល ប្រយោជន៍ជាតិទាំងមូល។

ទី៥៖ យើងទទួលបានការយកចិត្តទុកដាក់ក្នុងការដឹកនាំ ណែនាំ ដាក់ចេញនូវផែនការ អនុវត្តបានត្រឹមត្រូវ ទាន់ពេលវេលាពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តមនាយ ឧត្តមសេនីយ៍អគ្គមេបញ្ជាការ បង្កបរិយាកាសសាមគ្គីភាព ឯកភាពផ្ទៃក្នុង សហការគ្នាបានល្អ រវាងកងទ័ពនិង កងទ័ព រវាងកងទ័ពនិងកងកម្លាំងនគរបាលជាតិ ដែលជាប្រពៃណីដ៏ល្អផូរផង់ នាំមកនូវកម្លាំងមហាសាមគ្គី សហការ ពីគ្រប់អគ្គនាយកដ្ឋានស្ថាប័នចំណុះរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន មេបញ្ជាការកងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទ័ពជំនាញ យោធភូមិភាគ រហូតដល់តំបន់ប្រតិបត្តិការ សឹករងខេត្ត ។

លោកបានបន្តទៀតថា ដូច្នេះតម្លៃនៃសន្តិភាពនៅកម្ពុជា គឺមានតម្លៃធំធេងណាស់ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង ។ យើងមិនខ្លាចនឹងធ្វើការលះបង់ចំណាយអ្វីក៏ដោយឲ្យតែរក្សាបាននូវសុខសន្តិភាព។ ចង់បានសុខសន្តិភាពត្រូវតែការពាររាជរដ្ឋាភិបាលស្របច្បាប់ឱ្យបាន មិនបណ្តោយឱ្យក្រុមជនអគិតណាមួយមក បំផ្លិចបំផ្លាញសន្តិភាពនៅកម្ពុជាបាននោះទេ ។ ក្នុងន័យនេះគឺយើងមិនអនុញ្ញាតឲ្យជនក្បត់ជាតិណាឬបរទេសណាមកបំផ្លាញកម្ពុជា ដូចទៅនឹងអតីតកាល ដ៏ជូរចត់ម្ដងទៀតឡើយ ទោះក្នុងតម្លៃណាក៏ដោយ ក៏ត្រូវតែទប់ស្កាត់ជាដាច់ខាត។

លោកបានថ្លែងថា កងទ័ពនិងប្រជាជនកម្ពុជា បានចាត់ទុកសម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជាស្របច្បាប់ កើតចេញពីការបោះឆ្នោត ជាមហាវិរៈបុរសរដ្ឋ ជាស្ថាបនិកនៃនយោបាយឈ្នះ ឈ្នះ! នាំសុខសន្តិភាពពេញលេញដល់ប្រជាជនកម្ពុជា។ ពិតមែនតែសភាពការណ៍ស្ងប់ស្ងាត់ តែកងទ័ពត្រូវតែប្រុងប្រយ័ត្នជានិច្ច ចេញល្បាតការពារ បន្ទាត់ព្រំដែនតាមចំណុចឈរជើងរៀងៗខ្លួន ។ ពួកគេនៅតែមានមហិច្ឆិតាឈ្លានពាន (បើយើងចុះខ្សោយគេយក បើយើងរឹងមាំគេថយ)។

នាយឧត្តមសេនីយ៍ ជា តារា បានផ្តាំផ្ញើសាកសួរសុខទុក្ ខនិងថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ទាំង កងទ័ពកងនគរបាល ទាំងកម្លាំងថ្មីដែលឡើងទៅជំនួស ត្រូវព្យាយាមហ្វឹកហ្វឺន ថែរក្សាបច្ចេកទេសអាវុធ គ្រាប់ ត្រូវ អភិវឌ្ឍន៍កសាងអង្គភាព និងគ្រួសារកងទ័ពទើបមានលំនឹង ហើយទាំងអស់គ្នា ប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ការពារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងដាច់ខាតការពារ សមិទ្ធផលជាសម្បត្តិដ៏មានតម្លៃជាប្រវត្តិសាស្រ្ត ឲ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅ៕