(រតនគិរី)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្នាក់ខេត្តចុះជួយស្រុកវើនសៃ ថ្នាក់ស្រុក និងឃុំកោះពាក់ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានចុះជួបសំណេះសំណាលជាមួយសមាជិកបក្ស នៅភូមិឃួន ឃុំកោះពាក់ ស្រុកវើនសៃ ខេត្តរតនគិរី ព្រមទាំងបានអំពាវនាវដល់ សមាជិកបក្សទាំងអស់ ឱ្យទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងពន្យល់ពីរបៀបគូសសន្លឹកឆ្នោតដល់ សមាជិកគណបក្សប្រជាជនកម្ពុជា ពលរដ្ឋប្តេជ្ញាចិត្តបោះឆ្នោតជូន គណបក្សប្រជាជជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។
លោកទេសរដ្ឋមន្ត្រី លី ធុជ បាននាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធី និងលើកឡើងអំពីប្រសាសន៍របស់សម្តេចតេជោ ដែលបានថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៧ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតំណាងរាស្ត្រ អាណត្តិទី៦ នៅកោះពេជ្រ កាលពី៧កក្កដាថ្មីៗនេះ។
បងប្អូនប្រជាពលរដ្ឋនៅខេត្តរតនគិរី បានជម្រាបជូន លោកទេសរដ្ឋមន្ត្រី លី ធុជ ថាពួកគាត់នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នា ដោយបងប្អូនប្រជាពលរដ្ឋយល់ឃើញថា «គណបក្សប្រជាជនកម្ពុជាឈ្នះ គឺបងប្អូនប្រជាពលរដ្ឋឈ្នះ ពីព្រោះគណបក្សប្រជាជនកើតចេញពីប្រជាជន បម្រើប្រជាជន ដើម្បីប្រជាជន និងប្រទេសជាតិ»។
ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋឃុំកោះពាក់ ស្រុកវើនសៃ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី សូមថ្លែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនៅសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ៕