(ឧត្តរមានជ័យ)៖ លោក គន់ គីម បេក្ខជនតំណាងរាស្ត្រ និងជាប្រធានគណៈពង្រឹងការងារនៅខេត្តឧត្តរមានជ័យ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋនៅស្រុកបន្ទាយអំពិល ដែលជាដែនអតីតសមរភូមិសង្គ្រាមដ៏ស្រួចស្រាវមួយនោះ ឲ្យបន្តរួមគ្នារក្សាសុខសន្តិភាព និងសមិទ្ធផលនានាកើតចេញពីសុខសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជាកាលពី២០ឆ្នាំមុននោះ។
ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ នៅលើទឹកដីស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ លោក គន់ គីម បានថ្លែងរំលឹកពីទុក្ខវេទនារបស់ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយអំពិលកាលពី២០ឆ្នាំមុន នៅពេលដែលសង្គ្រាមមិនទាន់បានបញ្ចប់។ តែក្រោយពេលសង្គ្រាមត្រូវបានបិទបញ្ចប់ទាំងស្រុងអស់រយៈពេល២០ឆ្នាំ តាមរយៈការយកជីវិតប្រថុយចូលជួបចរចាជាមួយថ្នាក់ដឹកនាំ និងមេទ័ពខ្មែរក្រហមនោះ ជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយអំពិលបានប្រែប្រួល និងធូរធារគ្រប់គ្នា។
«មុននេះ២០ឆ្នាំនៅស្រុបន្ទាយអំពិលនេះក៏ដូចជាតំបន់មួយចំនួនទៀត នៃប្រទេសយើងកំពុងត្រូវបានហែកហួរដោយសង្គ្រាម ធ្លាក់ក្នុងស្ថានភាពលំបាកវេទនាប៉ុន្តែដោយសារនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន នៅចុងឆ្នាំ១៩៩៨ ស្រុកបន្ទាយអំពិល ក៏ដូចជាកម្ពុជាទាំងមូលបានក្លាយជាប្រទេសមានសន្តិភាពពេញលេញ និងទទួលបានការអភិវឌ្ឍដោយឥតឈប់ឈរ និងជាប្រទេសនាំស្បៀងចេញយ៉ាងច្រើនទៅកាន់ពិភពលោក ជាប្រទេសសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ កាត់បន្ថយភាពក្រីក្រមកនៅកម្រិតទាបបំផុត និងចាកចេញពីប្រទេសមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប»។ លោក គន់ គីម បានគូសបញ្ជាក់។
លោក គន់ គីម បន្តថា «ដូច្នេះយើងទាំងអស់គ្នាត្រូវការពារថែរក្សាសមិទ្ធផល និងសន្តិភាពនេះឲ្យបានជាដាច់ខាត មិនឲ្យនរណាមកបំផ្លិចបំផ្លាញដាច់ខាត ហើយមិនឲ្យកម្ពុជាមានសង្រ្គាម វិនាសកម្មដូចអតីតកាលឡើយ»។
បេក្ខជនតំណាងរាស្ត្រខេត្តឧត្តរមានជ័យរូបនេះ ក៏បានរំលឹកប្រជាពលរដ្ឋដែរថា ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងបន្តទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនថែមទៀត។ ផ្ទុយទៅវិញបើសម្រេចចិត្តខុស នឹងនាំប្រទេសឲ្យវិលត្រឡប់ថយក្រោយ។
លោក គន់ គីម ក៏បានសុំការយោគយល់ពីប្រជាពលរដ្ឋចំពោះការខ្វះចន្លោះក្នុងការផ្តល់សេវាមួយចំនួនពីមន្រ្តីនៅតាមមូលដ្ឋានផងដែរ។ លោកថា អ្នកថាមិនដែលខុស តែអ្នកធ្វើតែងតែមានការខុសឆ្គងខ្លះជៀសមិនរួច ប៉ុន្តែខុសនឹងធ្វើ ប្រសើជាងការតែថាហើយមិនធ្វើអីសោះ។ លោក គន់ គីម បានអះអាងទៀតថា នៅក្នុងអាណត្តិថ្មីរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នឹងបន្តកែលម្អការផ្តល់សេវានៅតាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរ។
លោក គន់ គីម បន្តអំពាវនាវនៅស្រុកបន្ទាយអំពិលទៅបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ លោក គន់ គីម បានអំពាវនាវដល់ប្រជាពលរដ្ឋថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ គឺបោះឆ្នោតជូនសម្តេច ហ៊ុន សែន បោះឆ្នោតជូនសម្តេចតេជោ គឺបោះឆ្នោតការពារសន្តិភាព និងការអភិវឌ្ឍ៕