(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ លោក ប៉ុល សារឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានជួបសំណេះសំណាលជាមួយនិយោជក នៃសហគ្រាស-គ្រឹះស្ថានចំនួន១៣០ ដែលមកពីប្រទេសចិន អាមេរិក បារំាង ជប៉ុន អៀកឡង់ ម៉ាឡេស៊ី រុស្ស៉ី កាណាដា សិង្ហបុរី តៃវ៉ាន់ និងភូមា។
លោក ប៉ុល សារឿន បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាវីរៈបុរសរដ្ឋស្នេហាជាតិ បានប្រែក្លាយតំបន់សមរភូមិប្រយុទ្ធ តំបន់គ្រាប់មីន ទៅជាតំបន់អភិវឌ្ឍន៍ និងបានប្រែក្លាយពីទឹកដីនៃសង្គ្រាមទៅជាទឹកដីសន្តិភាព ដែលជាចលករធ្វើឱ្យអ្នកវិនិយោគទុនជាតិនិងអន្តរជាតិ បោះទុនវិនិយោគយ៉ាងគំហុកនៅលើទឹកដីនៃកម្ពុជា។
គោលបំណងនៃពិធីសំណេះសំណាលនេះ ដើម្បីឱ្យយល់ច្បាស់ពីភារកិច្ចរបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះនិងម្ចាស់សហគ្រាស គ្រឹះស្ថាន៖
១៖ ក្នុងនាមជាម្ចាស់ផ្ទះ ត្រូវសហការធានាការពាសុវត្ថិភាពឱ្យបានល្អនៅតំបន់សេដ្ឋកិច្ចពិសេស ជាពិសេសធានាសន្តិសុខដល់អ្នកវិនិយោគទុន។ លើសពីនេះ ដើម្បីសម្រួលដល់ការវិនិយោគក្នុងការឆ្លើយតបនូវការបញ្ជាទិញឱ្យបានទាន់ពេលវេលា ដូច្នេះ ផ្នែកជំនាញបច្ចេកទេស រដ្ឋបាល ច្បាប់ បទដ្ឋាន និងពន្ធដារ ត្រូវខិតខំសហការរួមគ្នាដោះស្រាយការងារឱ្យបានល្អ លឿន និងមានប្រសិទ្ធភាពខ្ពស់ ។
២៖ សំណូមពរដល់ម្ចាស់សហគ្រាសនិងគ្រឹះស្ថាន ត្រូវខិតខំបណ្តុះបណ្តាលសមត្ថភាពជំនាញដល់កម្មករកម្ពុជា ដើម្បីប្រើប្រាស់អ្នកជំនាញក្នុងស្រុក សំដៅកាត់បន្ថយការចំណាយ។
បន្ទាប់ពីបានស្តាប់ប្រសាសន៍លើកឡើងរបស់លោក ប៉ុល សារឿន រួចមក និយោជកទាំងអស់ បានប្តេជ្ញាគាំទ្រ រួមគ្នាបន្តថែរក្សាសន្តិភាព ដើម្បីការអភិវឌ្ឍឱ្យកាន់តែសម្បូររុងរឿង និងជួយសម្រួលឱ្យកម្មករទាំងអស់បានទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ
។
សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រប្រាស់ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ដែលបានស្រូបយកកម្លាំងពលកម្មជាច្រើនម៉ឺននាក់៕