(ស្វាយរៀង)៖ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម ប្រធានគណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា និងក្រុមការងារចុះជួយភូមិត្រោក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានចុះជួបសំណេះសំណាល និងសាកសួរសុខទុករបស់ប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាដោយផ្ទាល់តាមខ្នងផ្ទះ។
ស្ថិតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានសាកសួរសុខទុកអំពីសុខភាព ការរស់នៅ និងជីវភាពរបស់បងប្អូនសព្វថ្ងៃ មានការរីកចម្រើនយ៉ាងណាដែរ។
លោកប្រធាន ក៏បានលើកឡើងអំពីការជួយដោះស្រាយ របស់រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំប្រទេស ដោយគណបក្សប្រជាជនកម្ពុជា ជូនប្រជាពលរដ្ឋ រួមមាន បានចេញសេចក្តីសម្រេចអនុញ្ញាតឲ្យក្រុមអាជីវករលក់នៅតាមផ្សារ លើដីរដ្ឋអាចគ្រប់គ្រងតូប របស់ខ្លួនពេញមួយជិវិត ហើយអាចផ្ទេរទៅកូនចៅបានថែមទៀតផង និងអាជីវករលក់ដូរតាមផ្សារលើទីតាំងដីរដ្ឋ អាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលទៅកូនចៅ ឬអ្នកដទៃបានដោយពុំមានកំណត់អាណត្តិនោះឡើយ បញ្ចុះតម្លៃអគ្គីសនី បញ្ចុះតម្លៃប្រេងសាំង និងតំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងប្រភេទ និងកម្មករ កម្មការិនីផងដែរ។
ជាមួយគ្នានោះដែរ ក្រុមការងារក៏បានពន្យល់ណែនាំ និងបង្រៀនពីរបៀបគុសសន្លឹកឆ្នោតដល់ សមាជិក សមាជិកា និងត្រៀមឯកសារសម្រាប់ទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅអាណត្តិទី៦ និងអាណត្តិជាបន្តបន្ទាប់ទៀត ដើម្បីបន្តការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត៕