(ព្រៃវែង)៖ ប្រជាពលរដ្ឋនៅស្រុកកំចាយមារ បានប្តេជ្ញានឹងដណ្តើមយកចំណាត់ថ្នាក់លេខ១ជាថ្មីម្តងទៀត ក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល៦ នៃរដ្ឋសភា នៅថ្ងៃទី២៩ ខែកក្កដា ២០១៨ ខាងមុខនេះ។

ការប្តេជ្ញារបស់ប្រជាពលរដ្ឋស្រុកកំចាយមារ បានធ្វើឡើងនៅចំពោះមុខសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សប្រជាជនខេត្តព្រៃវែង និងបាត់ដំបង ក្នុងពិធីឃោសនារកសម្លេងឆ្នោតនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងយុទ្ធនាការស្វែងរកសំឡេងឆ្នោតនាថ្ងៃទី១៤ ខែកក្កដា ម្សិលមិញនេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជាបានជ្រើសរើសស្រុកចំនួន៦ ក្នុងខេត្តព្រៃវែងជាគោលដៅនៃការឃោសនារកសំឡេងឆ្នោត។

សម្តេច ស ខេង បានចាប់ផ្តើមការឃោសនាដោយចេញដំណើរពីស្រុកកំចាយមារ ដែលនៅទីនោះមានសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជិត ៣,០០០នាក់ ជាមួយទឹកមុខស្រស់ស្រាយ ក្នុងឯកសណ្ឋានគណបក្សប្រជាជនកម្ពុជា ខ្លះអង្គុយ ខ្លះឈរ រង់ចាំស្វាគមន៍វត្តមានសម្តេចក្រឡាហោម ស ខេង។

នៅជុំវិញបរិវេណនៃពិធីត្រូវបានរៀបចំយ៉ាងសាមញ្ញ តែមើលទៅគួរឲ្យទាក់ទាញជាមួយបដាពាក្យស្លោកគណបក្សប្រជាជនកម្ពុជា និង ផ្ទាំងប៉ាណូដ៏ធំមួយ ដែលរំលេចរូបសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និង រូបភាពសមិទ្ធផលនានាដែលគណបក្សប្រជាជនសម្រេចបាន។

សម្តេចក្រឡាហោមនៅក្នុងពិធីនោះបានសំដែងការរីករាយជាមួយវត្តមានរបស់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកកំចាយមារដែលជានិច្ចកាល បានឈានមុខក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា ។ សម្តេចបានមានប្រសាសន៍ថា « កំចាយមារជាស្រុកមួយទទួលបាននចំណាត់ថ្នាក់លេខ១ កាលពីការបោះឆ្នោតឆ្នាំ២០១៣ ដែលមានប្រជាជនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនជាងគេ។ ខ្ញុំនៅតែមានជំនឿថា ប្រជាជនស្រុកកំចាយមារនៅតែជាប់លេខមួយបន្តទៀតសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ»

ឆ្លើយតបភ្លាមទៅនិងប្រសាសន៍របស់សម្តេច ស ខេង ប្រជាជននៅក្នុងពិធីបានទះដៃព្រមគ្នា ជាមួយសំឡេងស្រែកព្រមគ្នាថា «ប្តេជ្ញាដណ្តើមយកចំណាត់ថ្នាក់លេខ១ឲ្យបាន»

ក្នុងឱកាសនោះសម្តេចក្រឡាហោម ស ខេង បានរំលឹកអំពីប្រវត្តិសាស្រ្តខ្លះៗនៃដំណើរវិវត្តន៍របស់ប្រទេសកម្ពុជា ដែលជួបតែការបែកបាក់ និង សង្រ្គាមឥតឈប់ឈរ ហើយមូលហេតុនៃសង្រ្គាម និង ការបែកបាក់នេះ គឺកើតឡើងដោយសារតែជម្លោះដំណ្តើមអំណាច ហើយការគ្រប់គ្រង់អំណាចដែលកើតឡើងដោយសារការប្រើកម្លាំងជាមធ្យោបាយពុំដែលមានអាយុកាលវែងនោះទេ។ ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ដែលឈររឹងមាំដឹកនាំប្រទេសអស់រយៈពេលជិត៤០ ឆ្នាំមកនេះ គឺផ្តើមចេញពីការប្រកាន់យកលទ្ធិប្រជាធិបតេយ្យជាគោល។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «តាមបទពិសោធន៍ប្រវត្តិសាសន៍តាំងពីឆ្នាំ១៩៥៣ ដែលបានឯករាជ្យអាណានិគមននិយមបារាំងមក ការផ្លាស់ប្តូររបបនយោបាយ ផ្លាស់ប្តូរមេដឹកនាំ គឺភាគច្រើនមិនសូវបានសុខទេ ដោយសារតែការផ្លាស់ប្តូរនោះមិនធ្វើតាមរយៈការបោះឆ្នោត ធ្វើតាមរយៈកម្លាំងជំទាស់ វាយដណ្តើមកាន់កាប់ នេះជាជម្រើសអាក្រក់បំផុត ដែលយើងមិនត្រូវឲ្យមានតទៅទៀតទេ»