(កំពង់ចាម)៖ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា សម្រាប់មណ្ឌលខេត្តកំពង់ចាម លោក ប៉ាន សូរស័ក្តិ បានអះអាងថា នៅក្នុងឆ្នាំ២០២០ គ្រួសារប្រជាពលរដ្ឋជាង ៧៥% ទូទាំងប្រទេស នឹងអាចប្រើប្រាស់បណ្តាញអគ្គិសនី ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ ដូចបណ្តាញអគ្គិសនីជាតិ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងប្រកបអាជីវកម្មផ្សេងៗ។
ការអះអាងរបស់លោក ប៉ាន សូរស័ក្តិ បានធ្វើឡើងនាឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលរៀបចំឡើងនៅក្នុងឃុំក្រូច និងឃុំគរនៃស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានចូលរួមពីអាជ្ញាធរមូលដ្ឋាន សមាជិក-សមាជិកានៃគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋប្រមាណជាង ៨០០នាក់។
«អគ្គិសនី គឺជាសរសៃឈាមនៃសេដ្ឋកិច្ច! រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងរៀបចំកម្មវិធីកាត់បន្ថយថ្លៃដើមអគ្គិសនី សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ និងសម្រាប់វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម ជាពិសេសពង្រឹងភាពជឿទុកចិត្ត ជាមួយវិសាលភាពនៃការផ្គត់ផ្គង់បណ្តាញអគ្គីសនីទូទាំងប្រទេស»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
នៅក្នុងឱកាសនោះ លោកប្រធាន ប៉ាន សូរស័ក្តិ បានជម្រាបជូនប្រជាពលរដ្ឋ និងសមាជិក-សមាជិកា អំពីអត្ថន័យ និងសារៈសំខាន់នៃគោលនយោបាយទាំង ១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣ និងបានថ្លែងនូវសារនយោបាយរបស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានខ្លឹមសារផ្តោតសំខាន់លើសមិទ្ធផលចម្បងៗ និងស្នាដៃដឹកនាំរយៈពេល ៣៩ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបាននូវសុខសន្តិភាព និងវឌ្ឍនភាព ព្រមទាំងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
លើសពីនេះ លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់សមាជិក-សមាជិកាទាំងអស់ ដែលកន្លងមក តែងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងបានផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមប្រធាន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសមាជិក-សមាជិកាទាំងអស់ នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត។
គួររំលឹកដែរថា កាលពីថ្ងៃទី០៧ ខែកក្កដា មុននឹងចេញដំណើរដង្ហែក្បូនឃោសនាបោះឆ្នោត សម្ដេចតេជោ ហ៊ុន សែន បានប្រកាសពីគោលនយោបាយជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អនុវត្តន៍បន្តនៅអាណត្តិទី៦ នៅក្នុងនោះសម្តេចក៏បានលើកឡើង ពីគោលនយោបាយបញ្ចុះថ្លៃប្រើប្រាស់អគ្គិសនីផងដែរ។ សម្ដេចបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលដែលដឹកនាំគណបក្សប្រជាជនកម្ពុជា នឹងពង្រីការផ្គត់ផ្គង់អគ្គិសនីពីបណ្ដាញជាតិឱ្យដល់គ្រប់ភូមិទាំងអស់ នៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ និងបន្តបញ្ចុះថ្លៃអគ្គិសនីឲ្យបានសមរម្យ ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលត្រូវការអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ប្រកបអាជីវកម្ម៕