(ភ្នំពេញ)៖ អ្នកនយោបាយជើងចាស់មួយរូប ដែលបានប្រឡូកក្នុងសមរភូមិនយោបាយ តាំងពីអតីតកាលជូរចត់ បានមើលឃើញថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលអាចការពាររបបរាជានិយមបាន។ ជាមួយគ្នានេះ ព្រះរាជាណាចក្រកម្ពុជា ប្រសិនបើមិនមានរបបនេះទេ គឺមាតុភូមិទាំងមូល មិនមានសេចក្តីសុខឡើយ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មាន Fresh News លោកទេសរដ្ឋមន្ត្រី សេរី កុសល អ្នកនយោបាយជើងចាស់ ដែលធ្លាប់ហែងឆ្លងស្ថានភាពនយោបាយក្នុងសង្គមជាច្រើនទសវត្សរ៍មកហើយនោះ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមើលឃើញថា ជំហររបស់គណបក្សប្រជាជន មិនមែនអាងថា ខ្ញុំមកនៅរួមរស់ជាមួយគណបក្សប្រជាជន លេខ២០ហើយ ត្រូវតែអញ្ជើញបងប្អូនទៅបោះឆ្នោតជូនលេខ២០ទេ ក៏ប៉ុន្តែខ្ញុំមានហេតុផលរបស់ខ្ញុំ។ ដូចដែលខ្ញុំនិយាយពីខាងដើមមក គឺការការពាររបបរាជានិយម។ ការបោះឆ្នោតជូនលេខ២០ ជូនសម្តេចតេជោ ហ៊ុន សែន ដែលខ្ញុំមើលឃើញថា គណបក្សប្រជាជន គឺជាគណបក្សមួយ ដែលការពាររាជបល្ល័ង្ក ការពាររបបរាជានិយម ដែលជារបបតែមួយគត់ ជាជម្រើសតែមួយគត់របស់ប្រជាជនកម្ពុជា បើមិនមានរបបរាជានិយម គឺយើងអត់បានសុខទេ ហើយសត្រូវរបស់យើង កំពុងតែចង់ផ្តួលរបបរាជានិយម បរទេសក៏កំពុងចង់ផ្តួល ដោយសារនយោបាយឆ្ពោះមកកាន់អាស៉ីរបស់មហាអំណាចខ្លះ ការប្រកួតប្រជែងឥទ្ធិពលនៅអាស៉ី ដោយចាត់ទុកថា កម្ពុជាយើងនេះ ជាចំណុចយុទ្ធសាស្ត្រសំខាន់ណាស់ អញ្ចឹងបរទេសកំពុងព្យាយាមបំផ្លាញរបបរាជានិយមយើង រួមទាំងពួកសេសសល់មួយក្តាប់តូច។ ពួកដែលធ្លាប់ផ្តួលរបបរាជានិយម សូមមើលចំណុចដ៏សំខាន់នៃភូមិសាស្ត្រនយោបាយរបស់កម្ពុជា នៅពេលដែលវៀតណាមមានចម្បាំងជាង ៤០ឆ្នាំ ឡាវក៏ដូចគ្នា ក៏ប៉ុន្តែនៅពេលដែលកម្ពុជាចប់សង្គ្រាមដោយការដួលរលំរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ វៀតណាមក៏ចប់សង្គ្រាមនៅថ្ងៃទី៣០ ឡាវក៏ចប់សង្គ្រាមនៅថ្ងៃទី២៨ ក្នុងខែតែមួយដូចគ្នា នេះហើយជាចំណុចសំខាន់ដែលបរទេសមិនអាចលែងដៃចេញពីកម្ពុជាបាន»។
លោកទេសរដ្ឋមន្ត្រី សេរី កុសល បានបន្តថា «ការការពាររបបរាជានិយម ខ្ញុំស្រឡាញ់ណាស់ចំណុចនេះ ហើយប្រជារាស្ត្រខ្មែរដែលខ្ញុំដើរសួរ បើអត់មានរបបរាជានិយម គឺយើងអត់បានសុខ»។
បើតាមលោកទេសរដ្ឋមន្ត្រី សេរី កុសល គណបក្សប្រជាជនកម្ពុជា បានប្រើយុទ្ធសាស្ត្របត់បែនបានយ៉ាងល្អ ដើម្បីព្យាយាមការពាររបបរាជានិយម កុំឲ្យបាត់បង់។ លោកបន្តថា ប្រសិនបើគ្មានយុទ្ធសាស្ត្រការពារ ពីគណបក្សប្រជាជនទេ របបរាជានិយម អាចនឹងត្រូវបាត់បង់ ដោយសារក្រុមរបស់ទណ្ឌិត សម រង្ស៉ី ដែលតែងតែមានគំនិតលុបបំបាត់របបនេះចោល។
លោកទេសរដ្ឋមន្ត្រី សេរី កុសល បានបញ្ជាក់ទៀតថា «គ្រាន់តែដំណើរការទៅរករបបរាជានិយមពីអតីតកាល មានការបត់បែនទៅលិចទៅកើត ដើម្បីឲ្យរបបរាជានិយមរឹងមាំ ទីបញ្ចប់យើងមើលឃើញហើយរបបរាជានិយមនៅកម្ពុជារឹងមាំ បើគ្មានយុទ្ធសាស្ត្រការពារទេ មិនអាចរឹងមាំបានទេ ម្ល៉េះពួកសាធារណរដ្ឋដែលពួក សម រង្ស៉ី ជាមេខ្លោងហ្នឹងវាយដួលតាំងពីយូរមកហើយ»។
អ្នកនយោបាយជើងចាស់រូបនេះ ក៏បានដាស់តឿនដែរថា ការបោះឆ្នោតជូនគណបក្សប្រជាជន ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបន្តការដឹកនាំប្រទេសកម្ពុជា គឺជាការបន្តនៃយុទ្ធសាស្ត្រនយោបាយឈ្នះឈ្នះ។ លោកថា នយោបាយឈ្នះឈ្នះនេះ មានន័យថា បើគណបក្សប្រជាជនឈ្នះនោះ គណបក្សផ្សេងទៀតក៏ឈ្នះដូចគ្នាដែរ ពោលទីមួយ ឈ្នះលើសំឡេងឆ្នោត និងទីពីរ ឈ្នះលើសមិទ្ធផល បើមានផ្លូវដើរគឹទាំងអស់គ្នា បើមានសន្តិភាព គឺសន្តិភាពទាំងអស់គ្នា៕