(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ បានថ្លែងទៅកាន់ប្រជាពលរដ្ឋ៥០០នាក់ថា បើយើងចង់បានសិទ្ធិសេរីភាពពេញលេញ និងការអភិវឌ្ឍលើគ្របវិស័យ សូមប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្ដគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ។
ការថ្លែងបែបនេះរបស់លោកបណ្ឌិត ម៉ា ឈឿន បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុង ពិធីឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៦ នៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម ដែលមានការចូលរួមពីប្រជាពលរដ្ឋមកពីភូមិក្ងោក ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម សរុបប្រមាណ៥០០នាក់ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ។
ទន្ទឹមនឹងនោះ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម លោកបណ្ឌិត ម៉ា ឈឿន បានបញ្ជាក់ថា «មានគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាវីរជនដ៏ឆ្នើមរបស់កម្ពុជា ដែលបានក្រោកឡើងរំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ដូចនេះ យើងត្រូវដឹងគុណ ដល់គណបក្សប្រជាជនកម្ពុជា មានសម្តេច ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានរំដោះយើងទាំងអស់គ្នា ឲ្យរួចជីវិតមកដល់ថ្ងៃនេះ ហើយថែមទាំងបានកសាងប្រទេសឲ្យមានការអភិវឌ្ឍយ៉ាងលឿនរហ័ស ធ្វើឲ្យពួកគាត់មានជីវភាពល្អប្រសើរជាលំដាប់ ដោយចង់ដើរកំសាន្ដទៅកាន់ទីណាកន្លែងក៏បាន គ្មានការបង្ខិតបង្ខំ គ្មានអាហារបរិភោគគ្រប់គ្រាន់ និងកាប់សម្លាប់មនុស្សទៀតនោះទេ» ។
លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងទៀតថា ក្រៅពីនេះក៏មានសមិទ្ធផលជាច្រើន ដែលពលរដ្ឋគ្រប់គ្នាទទួលបាន បន្ទាប់ពីមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់បែបយ៉ាងនោះគឺមាន រោងចក្រសហគ្រាស, សាលារៀន, មន្ទីរពេទ្យ, សំណង់ធារាសាស្ដ្រ, វត្ដអារ៉ាម, ការបណ្ដុះបណ្ដាលធនធានមនុស្ស ដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ តាមភូមិ-ឃុំ កាន់តែប្រសើរឡើងថែមទៀត ។
ព្រមជាមួយគ្នានេះ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋថា ដើម្បីរួមគ្នារក្សាសុខសន្ដិភាព និងអភិវឌ្ឍប្រទេស ដាច់ខាតកុំជឿពាក្យញុះញង់របស់ជនអគតិមួយចំនួន ដែលកំពុងឃោសនា មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដែលនេះជាទង្វើផ្ទុយនឹងច្បាប់ទាំងស្រុង ៕