(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលនយោបាយដោយយកចិត្តទុកដាក់ខ្ពស់លើការគាំពារសង្គមប្រសិនបើខ្លួនបន្តឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៦។ ក្រៅពីការផ្តល់ថវិកាឧបត្ថម្ភដល់កម្មការិនី មន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធពេលសម្រាលកូនហើយនោះ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏នឹងរៀបចំផ្តល់ថវិកា៧៦ម៉ឺនរៀល ដល់ស្រ្តីមានជីវភាពក្រីក្រនៅទូទាំងប្រទេសចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនសម្រាលបានអាយុពីរឆ្នាំ។
ក្នុងសុន្ទរកថាបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងអភិវឌ្ឍ និងពង្រឹងប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជនកម្ពុជាគ្រប់រូបពីហានិភ័យនានា ដោយមិនទុកឲ្យប្រជាជនណាម្នាក់ស្ថិតនៅក្រៅប្រព័ន្ធគាំពារសង្គមឡើយ។ ជាពិសេសនឹងបន្តជំរុញអនុវត្តដោយឥតងាករេនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥» តាមរយៈរៀបចំដាក់ឲ្យអនុវត្តនូវបណ្តាកម្មវិធីជាអាទិភាពមួយចំនួន។
ក្នុងនោះចាប់ពីពាក់កណ្តាលឆ្នាំ២០១៩ទៅ នឹងអនុវត្តនូវកម្មវិធីឧបត្ថម្ភស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រ ដែលការឧបត្ថម្ភនេះនឹងធ្វើឡើងជា ៣ដំណាក់កាលរួមមាន ដំណាក់កាលទី១៖ ឧបត្ថម្ភ ៤លើក ក្នុងមួយលើក ៤ម៉ឺនរៀល នៅពេលស្ត្រីមានពោះទៅទទួលយកសេវាពិនិត្យផ្ទៃពោះនៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ, ដំណាក់កាលទី២៖ ឧបត្ថម្ភ ២០ម៉ឺនរៀល នៅពេលស្រ្តីសម្រាលកូននៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ, ដំណាក់កាលទី៣៖ ឧបត្ថម្ភ ១០លើក, ក្នុងមួយលើក ៤ម៉ឺនរៀល នៅពេលស្រ្តីជាម្តាយនាំទារកទៅទទួលថ្នាំបង្ការ ឬ សេវាគាំពាររហូតដល់កុមារមានអាយុ ២ឆ្នាំ។
ក្រៅពីការរៀបចំផ្តល់ថវិកាឧបត្ថម្ភដល់ស្រ្តីក្នុងគ្រួសារក្រីក្រ នៅពេលគេមានកូនហើយនោះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងអាណត្តិទី៦ ក៏នឹងរៀបចំដាក់ឲ្យអនុវត្តនូវរបបហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងរៀបចំដាក់ឲ្យអនុវត្តនូវរបបសោធនសម្រាប់កម្មករ-និយោជិត ចាប់ពីឆ្នាំ២០១៩។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដែរថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចនៅអាណត្តិទី៦ នឹងផ្តល់សេវាសាធារណៈនៅគ្រប់ថ្នាក់ជូនប្រជាជនប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងងាយស្រួល រក្សាឃុំ-សង្កាត់ ឲ្យបានល្អ និងមានស្ថរិភាព។
ប្រមុខបក្សកាន់អំណាច និងបានដឹកនាំនាវាកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំមកហើយនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានកសាងឡើងដោយផ្តើមចេញពីឆន្ទៈ និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន និងផ្អែកលើមូលដ្ឋានជាក់ស្តែង ដែលគណបក្សមានសមត្ថភាព និងលទ្ធភាពពិតក្នុងការអនុវត្តឲ្យបានសម្រេច។
សម្តេចតេជោ ហ៊ុន សែន បន្តថា សមិទ្ធផលដ៏ធំធេងច្រើនរាប់មិនអស់ ដែលកម្ពុជាសម្រេចបានកន្លងមកជាពិសេសក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយ គឺជាសក្ខីភាពដ៏ប្រចក្សមិនអាចបដិសេធបាន ដែលបញ្ជាក់អំពីសមត្ថភាពដ៏ពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំការពារ កសាង និងអភិវឌ្ឍជាតិ៕