(ភ្នំពេញ)៖ កន្លងមកជាច្រើនសប្ដាហ៍មកហើយ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទនានាមកធ្វើការផ្សព្វផ្សាយក្នុងគោលបំណង បង្កើនការយល់ដឹងនូវចំណេះដឹងផ្លូវច្បាប់ដល់ប្រជាពលរដ្ឋ និងសិស្សនិស្សិត ហើយសម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់សូមលើកយកប្រធានបទស្ដីពី «ប្រភេទនៃសាលក្រម និងសាលដីកាក្នុងរឿងព្រហ្មទណ្ឌ» មកធ្វើការចែករំលែកដូចតទៅ៖

ក្នុងរឿងក្តីព្រហ្មទណ្ឌ ដើម្បីកំណត់បានថា ជនណាម្នាក់មានទោស ឬ មិនមានទោស គឺអាស្រ័យលើសេចក្តីសម្រេចចុងក្រោយរបស់សាលាជម្រះក្តីនីមួយៗ ដោយត្រូវឆ្លងកាត់នីតិវិធីសវនាការ ដែលក្នុងន័យច្បាប់ត្រូវបានហៅថា “សាលក្រម ឬ សាលដីកា” ។ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ សេចក្តីសម្រេចចុងក្រោយដែលកំណត់អំពីពិរុទ្ធភាព ឬ ការឲ្យរួចផុតពីបទចោទណាមួយសាលាជម្រះក្តីជាន់ទាប (សាលាដំបូងរាជធានី-ខេត្ត និងតុលាការយោធា) ត្រូវបានហៅថា «សាលក្រម» និងសម្រាប់សាលាជម្រះក្តីជាន់ខ្ពស់ (សាលាឧទ្ធរណ៍ និងតុលាការកំពូល) ត្រូវបានហៅថា «សាលដីកា» ។

តើសាលក្រម និង សាលដីការបស់ស្ថាប័នតុលាការមានប៉ុន្មានប្រភេទ? តើប្រភេទសាលក្រម ឬសាលដីកានីមួយៗខុសគ្នាយ៉ាងដូចម្តេច?
សាលក្រម និងសាលដីកាមានពីរប្រភេទដូចគ្នា គឺ (១) សាលក្រម ឬសាលដីកាមុនអង្គសេចក្ដី ឬហៅថា (សាលក្រម ឬសាលដីកាចាត់របៀប) ។ (២) សាលក្រម ឬសាលដីកាអង្គសេចក្ដី រួមមាន៖ សាលក្រម ឬសាលដីកាចំពោះមុខ សាលក្រម ឬសាលដីកាដែលចាត់ទុកថាចំពោះមុខ និងសាលក្រម ឬសាលដីកាកំបាំងមុខ។

(១) សាលក្រម ឬសាលដីកាមុនអង្គសេចក្ដី (សាលក្រម ឬសាលដីកាចាត់របៀប) គឺជាសាលក្រម ឬសាលដីកាដែលសម្រេចអំពីបញ្ហានីតិវិធី ហើយមិនជំនុំជម្រះដល់អង្គសេចក្ដីនោះទេ នៅពេលលេចឡើងនូវអញ្ញាត្រកម្ម ឬអង្គហេតុថ្មី ត្រូវចាត់របៀប។

(២) សាលក្រម ឬសាលដីកាអង្គសេចក្ដី គឺជាសេចក្ដីសម្រេចដែលវិនិច្ឆ័យសេចក្ដីដល់អង្គហេតុ និងអង្គច្បាប់ទាំងមូល ក្រោយបញ្ចប់កិច្ចពិភាក្សាដេញដោល(សវនាការ) រួមមាន៖

* សាលក្រម ឬសាលដីកាចំពោះមុខ គឺជាសាលក្រម ឬសាលដីកា ដែលសម្រេចសេចក្ដីក្នុងករណីដែលជនជាប់ចោទចូលបង្ហាញខ្លួនក្នុងពេលសវនាការ។ សាលក្រម ឬសាលដីកានៅតែចំពោះមុខដដែល បើទោះបីជនជាប់ចោទចាកចេញពីបន្ទប់សវនាការភ្លាមៗក៏ដោយ ។ ម៉្យាងវិញទៀត សាលក្រម ឬសាលដីកាអាចជាចំពោះមុខផងដែរ កាលណាជនជាប់ចោទត្រូវបានសួរចម្លើយនៅទីកន្លែងដែលជននោះនៅ លក្ខខណ្ឌដែលមានចែងក្នុង (មាត្រា៣០៩) នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ ចំពោះដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកទទួលខុសត្រូវរដ្ឋប្បវេណី ដែលបានចូលបង្ហាញខ្លួននៅពេលសវនាការ ឬ មានអ្នកតំណាងដោយត្រឹមត្រូវនោះ សាលក្រម ឬសាលដីកា ត្រូវតែជាសាលក្រម ឬសាលដីកាចំពោះមុខ ។ សាលក្រម ឬសាលដីកាចំពោះមុខដើមបណ្តឹងរដ្ឋប្បវេណី ចំពោះមុខអ្នកទទួលខុសត្រូវរដ្ឋប្បវេណី និងចំពោះមុខជនជាប់ចោទនេះ មិនតម្រូវឲ្យមានការបញ្ជូនឡើយ (មិនចាំបាច់ជូនដំណឹងដល់សាមីជនទាំងនោះទៀតឡើយ) ។ សាលក្រម ឬសាលដីកាចំពោះមុខអាចប្តឹងឧទ្ធរណ៍ និងប្ដឹងសាទុក្ខបាន។ (មាត្រា៣៦០,៣៦៣, ៣៦៤ និងមាត្រា៤២០) នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

* សាលក្រម ឬសាលដីកាដែលចាត់ទុកថាចំពោះមុខ គឺជាសាលក្រម ឬសាលដីកាដែលសម្រេចសេចក្ដី ក្នុងករណីដែលនៅពេលសវនាការជនជាប់ចោទមិនបានចូលមកបង្ហាញខ្លួននៅពេលនោះទេ ប៉ុន្តែសាមីខ្លួនបានដឹងអំពីដីកាបញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬបានដឹងពីការកោះហៅហើយនោះ សាលក្រម ឬ សាលដីកា ត្រូវចាត់ទុកថាចំពោះមុខជនជាប់ចោទ។ សាលក្រម ឬសាលដីកាអាចចាត់ទុកថាចំពោះមុខនេះត្រូវឲ្យដំណឹងដល់ជនជាប់ចោទ ហើយអាចប្តឹងឧទ្ធរណ៍ និងប្ដឹងសាទុក្ខបាន។ (មាត្រា៣៦១ និងមាត្រា៤២០) នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

* សាលក្រម ឬសាលដីកាកំបាំងមុខ គឺជាសាលក្រម ឬសាលដីកាសម្រេចសេចក្ដីមួយ នៅពេលសវនាការ ប្រសិនបើជនជាប់ចោទមិនចូលមកបង្ហាញខ្លួននៅពេលនោះទេ ហើយនឹងប្រសិនបើគ្មានភ័ស្តុតាងបង្ហាញឲ្យឃើញថាសាមីខ្លួនដឹងពីដីកាបញ្ជូនខ្លួនទៅជំនុំជម្រះ ឬបានដឹងអំពីការកោះហៅនោះទេ ។ សាលក្រម ឬសាលដីកា ត្រូវប្រកាសដោយកំបាំងមុខជនជាប់ចោទ ។ ម្យ៉ាងវិញទៀត ចំពោះបុគ្គលកោះហៅក្នុងឋានៈជាដើមបណ្ដឹងរដ្ឋប្បវេណី ឬជាអ្នកទទួលខុសត្រូវរដ្ឋប្បវេណី មិនចូលបង្ហាញខ្លួននៅពេលសវនាការ និងគ្មានអ្នកតំណាងត្រឹមត្រូវទេ សាលក្រម ឬសាលដីកាត្រូវសម្រេចដោយកំបាំងមុខដូចគ្នានឹងជនជាប់ចោទដែរ។ សាលក្រម ឬសាលដីកាកំបាំងមុខនេះ ត្រូវឲ្យដំណឹងដល់សាមីជនទាំងនោះ ហើយសាលក្រម ឬសាលដីកានេះអាចប្តឹងទាស់បាន។ (មាត្រា៣៦២,៣៦៣,៣៦៤ និងមាត្រា៤០៩) នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

អត្ថបទនេះរៀបរៀងដោយលោកមេធាវី ឡាន ស៊ីនីត និងកញ្ញា សាវី លីដា សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ