(កូរ៉េខាងត្បូង)៖ សិស្សប៊ែលធីចំនួន៦៤នាក់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញ បានទៅចូលរួមកម្មវិធីបោះជំរំជាអន្តរជាតិ (World Camp 2018) នៅប្រទេសកូរ៉េខាងត្បូង។ ការបោះជំរំនេះ មានយុវជនជាង៤.០០០នាក់មកពី៨០ប្រទេស នៅលើពិភពលោក និងមានរដ្ឋមន្រ្តីក្រសួងអប់រំ មកពីបណ្តាប្រទេសនានា ចំនួន២២ចូលរួមផងដែរ។
តាមរបាយការណ៍ លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅនៃសាលាប៊ែលធី អន្តរជាតិ បានឱ្យដឹងថា៖ ប៊ែលធី គ្រុប បានចុះអនុស្សរណៈយោគយល់ជាមួយនឹង អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយឆ្នាំនេះអង្គការសម្ព័ន្ធយុវជនអន្តរជាតិបានស្នើសុំសិស្សប៊ែលធីចំនួន៦៤នាក់ ឲ្យទៅចូលរួមក្នុងកម្មវិធីបោះជំរំអន្តរជាតិឆ្នាំ២០១៨ នៅសាធារណរដ្ឋកូរ៉េ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី២៨ ខែកក្កដា ដោយបានចូលរួមក្នុងកម្មវិធី ភាពជាអ្នកដឹកនាំការតម្រង់ទិសយុវជនក្នុងសតវត្សរ៍ទី២១ និងសិក្សាពីបរិបទនៃការអប់រំបែបវិទ្យាសាស្រ្តទំនើប និងក៏បានទៅទស្សនាស្វែងយល់ពីតំបន់សំខាន់ៗជាច្រើនដូចជា៖ ទីក្រុងសេអ៊ូល ទីក្រុងប៊ូសាន តំបន់ប្រវិត្តសាស្រ្ត និងតំបន់ទេសចរណ៍ផ្សេងៗទៀតផងដែរ។
ក្នុងឱកាសនោះ យុវសិស្ស សុខ ស្រីចាំ ជាសិស្សថ្នាក់ទី១១ នៅសាខាទី១៣ នៃសាលាបែ៊លធី បាននិយាយថា ចំពោះការចូលរួមបោះជំរំអន្តរជាតិ នៅប្រទេសកូរ៉េលើកនេះ រូបគេពិតជាមានអារម្មណ៍សប្បាយរីករាយ ដែលបានធ្វើដំណើរជាមួយសិស្សដទៃទៀត ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងថ្នាក់ដឹកនាំប៊ែលធី។
យុវសិស្ស ឈាង សុជីអូ ជាសិស្សថ្នាក់ទី១១ នៅសាខាទី៩ របស់សាលានេះ បាននិយាយថា ចំពោះការចូលរួមបោះជំរំអន្តរជាតិ នៅប្រទេសកូរ៉េលើកនេះ រូបគេមានកិត្តិយស និងមោទនភាពណាស់ដែរ ដែលបានបង្កើតមិត្តភាព យុវជនដែលបានចូលរួមជាង៨០ប្រទេស ហើយអាចទាញយកចំណេះដឹង និងបទពិសោធន៍ថ្មីពីប្រទេសដទៃ និងបានបង្ហាញពីសមត្ថភាព និងវប្បធម៌របស់ប្រទេសយើងទៅឲ្យប្រទេសដទៃ បានស្គាល់ និងដឹង។
យុវសិស្ស សុខ ស្រីចាំ តំណាងសិស្សទាំងអស់ ដែលបានចូលរួមបោះជំរំជាអន្តរជាតិ ក៏បានថ្លែងអំណរគុណដល់ លោក លី ឆេង អគ្គនាយកប៊ែលធី គ្រុប ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីឲ្យសិស្សានុសិស្សរបស់យើងមានភាពក្លាហាន និងចេះសម្របខ្លួនក្នុងការរស់នៅជាមួយជាតិសាសន៍ដទៃ។
ក្នុងឱកាសនោះដែរ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានលើកឡើងថា នេះជាឱកាសដ៏ល្អបំផុតសម្រាប់សិស្សសាលាប៊ែលធីរបស់យើង ដែលមានឱកាសបានទៅចូលរួមក្នុងកម្មវិធីបោះជំរំជាអន្តរជាតិ ដែលមានការចូលរួមពីបណ្តាលប្រទេសជាច្រើនទូទាំងសកលលោក ហើយនេះគឺជាមោទនភាពរបស់ជាតិយើងទាំងមូល ក៏ដូចជាបានបង្ហាញពីការរីកចម្រើន និងសក្កានុពលលើវិស័យអប់រំរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។
លោក លី ប៊ុនឆៃ បានឱ្យដឹងថា នេះជាលើទី៥ ដែលសាលាប៊ែលធីអន្តរជាតិ បានបញ្ជូនសិស្សទៅចូលរួមក្នុងកម្មវិធីបោះជំរំអន្តរជាតិនៅសាធារណរដ្ឋកូរ៉េ ដែលមានចំនួនសរុប៤៧៣នាក់។
លោក លី ប៊ុនឆៃ បានបញ្ជាក់ថា គោលបំណង និងអត្ថប្រយោជន៍នៃការបញ្ជូនសិស្សឱ្យចូលរួមក្នុងកម្មវិធីបោះជំរំជាលក្ខណៈអន្តរជាតិនេះ រួមមាន៖
ទី១៖ ឱ្យសិស្សរបស់យើងមានភាពក្លាហាន ចេះទទួលខុសត្រូវដោយខ្លួនឯង ចេះសម្របខ្លួនក្នុងការរស់នៅ និងធ្វើការជាក្រុម នៅជាមួយជាតិសាសន៍ផ្សេងៗគ្នា ដើម្បីដកស្រង់នូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ក៏ដូចជាបានផ្លាស់ប្តូរនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងចំណេះដឹងថ្មីៗដទៃទៀតដែលប្អូនៗពុំធ្លាប់បានជួប។
ទី២៖ ឱ្យសិស្សរបស់យើងបានឃើញ បានស្គាល់ និងសិក្សាស្វែងយល់អំពីបរិបទថ្មីៗរបស់ប្រទេស អភិវឌ្ឍន៍ ដើម្បីធ្វើជាទុនសម្រាប់ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍខ្លួនឯង ក៏ដូចជាអភិវឌ្ឍប្រទេស ជាតិឱ្យបានរីកចម្រើនទៅអនាគត។
ទី៣៖ ការចូលរួមបោះជំរំនេះ បានបង្ហាញពីសមត្ថភាពសិស្សកម្ពុជានៅលើឆាកអន្តរជាតិនូវភាពក្លាហាន និងមានសមត្ថភាពគ្រប់គ្រាន់ អាចចូលរួមនៅក្នុងកម្មវិធីជាអន្តរជាតិ ក៏ដូចជាបានបង្ហាញឲ្យពិភពលោកបានស្គាល់នូវ ទំនៀមទម្លាប់ ប្រពៃណី អរិយធម៌ និងការរីកចម្រើនរបស់ប្រទេសកម្ពុជាផងដែល៕