(ស្វាយរៀង)៖ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បេក្ខជនតំណាងរាស្រ្តមណ្ឌលស្វាយរៀង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញនេះ បានចុះណែនាំ និងបង្រៀនអំពីរបៀបគូសសន្លឹកឆ្នោត ដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំគ្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដើម្បីត្រៀមសម្រាប់ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។
នៅក្នុងឱកាសនោះ សមាជិក សមាជិកាទាំងអស់របស់ CPP បានប្តេជ្ញាបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ហើយបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅអាណត្តិទី៦ និងអាណត្តិក្រោយៗ ជាបន្តបន្ទាប់ទៀត ដើម្បីទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត។
លោកស្រី ម៉ែន សំអន បាននាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធី និងលើកឡើងអំពីប្រសាសន៍របស់សម្តេចតេជោ ដែលបានថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៧ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតំណាងរាស្ត្រ អាណត្តិទី៦ នៅកោះពេជ្រ កាលពីថ្ងៃ៧កក្កដា ថ្មីៗនេះ។
លោកស្រីឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសមាន ការអភិវឌ្ឍរីកចម្រើនជឿនលឿន ផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ពោលបានក្លាយពីប្រទេសក្រីក្រ ឈានមកជាប្រទេស មានចំណូលមធ្យមកម្រិតទាប នាពេលបច្ចុប្បន្ន ហើយកំពុងប្រឹងប្រែងជំរុញឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ប្រធានគណៈពង្រឹងការងាររបស់គណបក្សប្រជាជនកម្ពុជា នៅស្វាយរៀងរូបនេះ បានបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននឹងជំរុញប្រាក់បៀវត្សរ៍មន្រ្តីរាជការកើនឡើងជាបន្តបន្ទាប់ ប្រាក់សោធនិវត្តន៍ ក៏បានកើនឡើង ហើយប្រាក់ឈ្នួលរបស់កម្មករ នៅក្នុងវិស័យកាត់ដេរ និងស្បែកជើង ក៏បានកើនឡើងផងដែរ។
ដើម្បីបន្តរក្សាបានភាពរីកចម្រើនរបស់ជាតិកម្ពុជាទៅមុខបន្តទៀត ជាពិសេសរក្សាបាននូវសុខសន្តិភាពនោះ លោកស្រី ម៉ែន សំអន បានអំពាវដល់ប្រជាពលរដ្ឋ ទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសដែលខ្លួនពេញចិត្ត៕