(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ គឺជាគណបក្សដែលមានប្រជាពលរដ្ឋគាំទ្រច្រើនជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់បែបនេះតាមរយៈទំព័រ Facebook ផ្លូវការរបស់សម្តេច។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «គណបក្សដែលបានរំដោះ និងសង្រ្គោះប្រទេសជាតិ ពិតប្រាកដពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមប៉ុលពត នៅឆ្នាំ១៩៧៩ គឺមានតែ គណបក្សប្រជាជនកម្ពុជា តែ១គត់! អរគុណបងប្អូនខ្មែរឥស្លាមទាំងអស់ ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជននៅទូទាំងប្រទេស»។
សម្តេចបានបន្តទៀតថា «យើងបោះឆ្នោតឱ្យ គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ គឺបោះឆ្នោតដើម្បីការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង និងការពារសេចក្តីសុខរបស់ពលរដ្ឋនៅទូទាំំងប្រទេស ដោយគ្មានការភ័យខ្លាចអំពីភ្លើងសង្រ្គាម»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំម្តងទៀត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដែលជាថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ បន្ទាប់ពីសម្តេចបានដឹកនាំការបើកយុទ្ធនាការនៅថ្ងៃដំបូង ដោយមានសមាជិកចូលរួមជិត១សែននាក់ កាលពីថ្ងៃទី០៧ ខែកក្កដា កន្លងទៅ៕