(កំពង់ចាម)៖ អតីតយុទ្ធជនចូលនិវត្តន៍ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលមានជីវភាពក្រលំបាកមានជំងឺប្រចាំកាយ និងគ្មានផ្ទះសម្បែងដីធ្លី សម្រាប់ស្នាក់អាស្រ័យ ដោយបច្ចុប្បន្នមានតែកូនខ្ទមលេចធ្លុះធ្លាយស្នាក់នៅបណ្ដោះអាសន្ននោះ ត្រូវបានទទួលការយកចិត្តទុកដាក់ និងមើលថែ ឧបត្ថម្ភពីសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម។
អតីតយុទ្ធជននេះមាន ឈ្មោះ កុយ ហ៊ីម អាយុ៥៩ឆ្នាំ ស្នាក់នៅជាយរបងទន្លេអ៊ុ ស្ថិតក្នុងភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយស្ម័គ្រចិត្តទៅរស់ដីសម្បទានសង្គមកិច្ច នៅខេត្តក្រចេះ នាពេលខាងមុខ ត្រូវបានឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ចាត់ឲ្យក្រុមការងារពិនិត្យអំពីស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃ។
ក្រៅពីការចុះពិនិត្យស្ថានភាពហើយនោះ ក្រុមការងារសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ដែលក្រោមការណែនាំពី ឧត្ដមសេនីយ៍ទោ ឯម កុសល ក៏បានយកអំណោយជាគ្រឿងឧបភោគ បរិភោគប្រគល់ជូន និងចាត់កម្លាំងជួយរៀបចំទីតាំងស្នាក់នៅបណ្តោះអាសន្ន ដែលលេចធ្លុះធ្លាយឲ្យបានសមរម្យ ដើម្បីការពារលេចទឹកក្នុងដូវភ្លៀងនេះ។
អំណោយដែលត្រូវបានយកទៅប្រគល់ជូនក្នុងឱកាសនោះ រួមមាន អង្ករ១បេ ២៥គីឡូក្រាម, ត្រីខកំប៉ុង២យួរ, ទឹកត្រីទឹកស៊ីអ៊ីវ ៦ដប (គ្រឿងទេសដាំស្លមួយឈុត), មី២កេស, ទឹកសុទ្ធ១៤យួរ, តង់សម្រាប់ប្រក់ដំបូល០១ និងថវិកា១០ម៉ឺនរៀល៕