(ស្វាយរៀង)៖ លោក ម៉ឹង សំផន អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយក្រុងបាវិត និងស្រុកចន្ទ្រា នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ បានចុះជួបសំណេះសំណាលជាមួយសមាជិកបក្ស នៅសង្កាត់ច្រកម្ទេស ក្នុងភូមិធ្លក និងសង្កាត់បាវិត ក្នុងភូមិបាវិតលើ ព្រមទាំងបានអំពាវនាវដល់សមាជិកបក្សទាំងអស់ ឱ្យទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងពន្យល់ពីរបៀបគូសសន្លឹកឆ្នោតដល់ សមាជិកគណបក្សប្រជាជនកម្ពុជា។


លោក ម៉ឹង សំផន បាននាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធី និងលើកឡើងអំពីប្រសាសន៍របស់សម្តេចតេជោ ដែលបានថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៧ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតំណាងរាស្ត្រ អាណត្តិទី៦ នៅកោះពេជ្រ កាលពី៧កក្កដាថ្មីៗនេះ។

លោកបានលើកឡើងទៀតថា កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនជឿនលឿន ផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ពោលបានក្លាយពីប្រទេសក្រីក្រ ឈានមកជាប្រទេសមានចំណូលមធ្យមកម្រិតទាប នាពេលបច្ចុប្បន្ន ហើយកំពុងប្រឹងប្រែងជំរុញឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

អនុប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជានៅខេត្តស្វាយរៀងសរូបនេះ បានបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា បានកំពុងជំរុញប្រាក់បៀវត្សមន្រ្តីរាជការកើនឡើងជាបន្តបន្ទាប់ ប្រាក់សោធនិវត្តន៍ ក៏បានកើនឡើង ហើយប្រាក់ឈ្នួលរបស់កម្មករ នៅក្នុងវិស័យកាត់ដេរ និងស្បែកជើង ក៏បានកើនឡើងផងដែរ។

ដើម្បីបន្តរក្សាបានភាពរីកចម្រើនរបស់ជាតិកម្ពុជា ទៅមុខបន្តទៀត ជាពិសេសរក្សាបាននូវសុខសន្តិភាពនោះ លោក ម៉ឹង សំផន បានអំពាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ និងពេញចិត្ត ត្រូវចំណាំលេខរៀងគណបក្សប្រជាជនកម្ពុជា ឱ្យបានច្បាស់ គឺលេខ២០ ជាលេខនាំមកសុខសន្តិភាព និងការរីកចម្រើនឥតឈប់ឈរ៕