(ភ្នំពេញ)៖ លោកបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ ​និងបរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល បានជំរុញដល់ម្ចាស់ភោជនីយដ្ឋាននៅទូទាំងប្រទេស បន្ដបង្កើននូវការយកចិត្ដទុកដាក់ ទៅលើគុណភាពអាហារ និងអនាម័យឲ្យបានកាន់តែខ្ពស់ ដើម្បីផ្ដល់នូវសុខុមាលភាព ជូនប្រជាពលរដ្ឋ ឲ្យជៀសផុតពីការពិសាអាហារហើយ ដោយមួយសន្ទុះក្រោយមក មានអាការៈក្អួតចង្អោរ រាក និងពេលខ្លះអាចឈានដល់បាត់បង់ជីវិតក៏មានដែរ ។

លោកថ្លែងបែបនេះ ក្នុងឱកាសប្រគល់វិញ្ញាបនបត្របញ្ជាក់អនាម័យ និងគោលការអនុវត្ដអនាម័យល្អ (Logo) ជូនដល់ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេជាង៣០ នៅតាមបណ្ដាខេត្ដ និងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នាទីស្ដីការក្រសួងសុខាភិបាល ។

លោកបណ្ឌិត ហេង ប៊ុនគៀត បានថ្លែងបន្ដថា «ខ្ញុំនៅតែបន្ដលើកទឹកចិត្ដ ដល់ភោជនីយដ្ឋានទាំងអស់ ដែលមកទទួលវគ្គបណ្ដុះបណ្ដាល ដែលក្រសួងបានកំណត់ ទោះភោជនីយដ្ឋានមួយចំនួន នៅមានកម្រិត មិនទាន់មានស្ដង់ខ្ពស់ក្ដី តែសង្ឃឹមថា ម្ចាស់ភោជនីយដ្ឋាន នឹងបន្ដពង្រឹងសមត្ថភាព លើគុណភាព និងអនាម័យបន្ដទៀត ដើម្បីក្លាយជាភោជនីយដ្ឋានស្ដង់ដាមួយ ដែលផ្ដល់ទំនុកចិត្ដពីអតិថិជនជាភ្ញៀវជាតិ និងអន្ដរជាតិ»។ ជាក់ស្ដែងថ្ងៃនេះ យើងបានប្រគល់វិញ្ញាបនបត្របញ្ជាក់អនាម័យ និងគោលការអនុវត្ដអនាម័យល្អ (Logo) ជូនដល់ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេទាំង៣៧ ដែល Logo កម្រិតល្អ (A) មានចំនួន២៨ហាង, Logo B (០៤ហាង), C (០២ហាង) និង Hygiene (០៣ហាង) ដូចនេះសូមបន្ដការយកចិត្ដទុកដាក់លើអនាម័យឲ្យបានកាន់តែល្អ​ ដើម្បីក្លាយជាហាងមួយមានស្ដង់ដាកម្រិត A »

ទន្ទឹមនឹងនោះ លោកបណ្ឌិត ក៏បានស្នើដល់ម្ចាស់ភោជនីយដ្ឋានទូទាំងប្រទេស មកសិក្សាវគ្គបណ្ដុះបណ្ដាល ដែលក្រសួងដាក់ចេញនេះឲ្យបានគ្រប់ៗហាង ពិសេស អ្នកដែលមកបណ្ដុះបណ្ដាលនោះ គឺមានតួនាទី និងនៅបម្រើការងារនៅហាងនោះមានរយៈពេលយូរ ដើម្បីកុំឲ្យបង្រៀនហើយ អ្នកដែលបានមកសិក្សានោះ ទៅរកទីតាំងថ្មី ដូចនេះ អ្នកដែលទទួលបានការបណ្ដុះបណ្ដាលពីក្រសួង ក៏មិនបានយកទៅអនុវត្ដន៍ នៅហាងរបស់ខ្លួនផងដែរ ។

សូមជម្រាបផងដែរថា ភោជនីយដ្ឋាន និងអាហារដ្ឋានទូទាំងប្រទេសប្រហែលជិត ៤,៥០០ហាង ក្នុងនោះមានវិញ្ញាបនបត្រ អនាម័យ ១,៤៦៤ហាង ដោយស្លាកសញ្ញា (Logo) A មានចំនួន ៣៨៨, B ចំនួន ១១២ និង C ២៦ហាង ពីក្រសួងសុខាភិបាល, ពីមន្ទីរសុខាភិបាលនៅរាជធានីភ្នំពេញមានចំនួន ៧៥០, មន្ទីរសុខាភិបាលនៅខេត្ដ ៦០១ហាង ដែលសរុប ចំនួន១,៩៨៨ ស្មើនឹង៤៥% ដែលទទួលបានការបណ្ដុះបណ្ដាល ឬវិញ្ញាបនបត្រ អនាម័យចំណីអាហារ និងគោលការណ៍អនុវត្ដន៍ល្អ ពីក្រសួងសុខាភិបាលនេះ ហើយក្រសួង នឹងបន្តបណ្តុះបណ្តាលភោជនីយដ្ឋាន ដែលនៅសេសសល់តទៅទៀត។លើសពីនោះ មន្រ្តីក្រសួងសុខាភិបាល ក៏នៅតែបន្ដអំពាវនាវ ដល់ម្ចាស់ភោជនីយដ្ឋាននានាផ្សេងទៀត ទំនាក់ទំនងទទួលយកការបណ្តុះបណ្តាលនេះ ផងដែរ៕