(ភ្នំពេញ)៖ ទុស្សេខ្សែភ្លើងបង្កទៅជាគ្រោះអគ្គិភ័យឆាបឆេះត្រឹមមួយចំអិនកំពិស បានបំផ្លាញទូរឈើដាក់ខោអាវ មានផ្ទុកទ្រព្យសម្បត្តិមួយចំនួន និងថវិកា៥០០ដុល្លារ តែមិនមានអ្នករងរបួសនោះទេ ស្ថិតនៅចំណុចផ្ទះលេខ១៤៥ ក្រុម១០ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ។
ជនរងគ្រោះជាម្ចាស់ផ្ទះ ត្រូវបានគេស្គាល់ថា ឈ្មោះ ពាង សុខមាន អាយុ៦៣ឆ្នាំ និងប្រពន្ធឈ្មោះ សូ រី អាយុ៥៣ឆ្នាំ បានអះអាងថា នៅមុនពេលកើតហេតុ រូបគាត់ និងកូនៗបានចេញមកអង្គុយលេងខាងក្រៅផ្ទះ ដោយទុកព្រីភ្លើងនៅលើទូរឈើជាន់ក្រោមដូចសព្វដង ស្រាប់តែមួយសន្ទុះក្រោយមក ឮសូរសម្លេងផ្ទុះ ហើយក៏មានផ្សែងហុយៗ ការពិតពេលទៅមើលឃើញទុស្សេខ្សែភ្លើង បណ្ដាលឲ្យឆាបឆេះទូរឈើមួយ បំផ្លាញទាំងលុយនៅខាងក្នុង ចំនួន៥០០ដុល្លារ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
ទោះបីយ៉ាងណា ការទុស្សេភ្លើងខ្សែភ្លើង បង្កទៅជាគ្រោះអគ្គិភ័យបណ្ដាលឲ្យឆាបឆេះទូរឈើមួយ បំផ្លាញទាំងលុយនៅខាងក្នុងចំនួន៥០០ដុល្លារ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត របស់ជនរងគ្រោះទាំង២នាក់ ប្ដីប្រពន្ធ ខាងលើនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួស និងមិនរីករាលដាលឆេះដល់ផ្ទះអ្នកដ៍ទៃនោះដែរ ព្រោះបន្ទាប់ពីកើតហេតុភ្លាមៗ គេសង្កេតឃើញថា មានកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន ជាមួយប្រជាពលរដ្ឋ នាំគ្នាដងទឹកជះ និងទាញយកទុយោទឹកទៅជួយបាញ់ឲ្យរលត់ ក្នុងមួយសន្ទុះក្រោយ៕