(ព្រៃវែង)៖ ដោយមើលឃើញកំណើនសេដ្ឋកិច្ច៧ភាគរយក្នុងមួយឆ្នាំៗ និងការអភិវឌ្ឍរីកចម្រើនមូលដ្ឋានក្រោមដំបូលនៃសុខសន្តិភាព បច្ចុប្បន្ននេះ សមាជិក សមាជិកា និងប្រជាជនឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានប្តេជ្ញាទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ក្នុងនីតិកាលទី៦ ខាងមុខគ្រប់ៗគ្នា។
ពួកគាត់បានជឿជាក់លើគោលនយោបាយដឹកនាំប្រទេស របស់គណបក្សប្រជាជនកម្ពុជា ក្នុងការធានារក្សាកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍមូលដ្ឋានជូនប្រជាជន។ ប្រជាជនឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានមើលឃើញថា មូលដ្ឋានរបស់ពួកគាត់មានការអភិវឌ្ឍរីកចម្រើនពីមួយអាណត្តិ ទៅមួយអាណត្តិ ក្រោមគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ថ្លែងពីគេហដ្ឋានសង់អំពីឈើប្រក់ក្បឿងស៊ីម៉ង់ត៍ ដ៏ស្កឹមស្កៃឆឺតឆាយកណ្តាលវាលស្រែរបស់ខ្លួន លោកស្រី រស់ អ៊ីម បានប្តេជ្ញាប្រាប់បេក្ខជនតំណាងរាស្រ្ត មណ្ឌលខេត្តព្រៃវែង លោក ជាម ប៉េអា ថា លោកស្រី និងគ្រួសារនឹងទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
លោកស្រីនិយាយថា គណបក្សប្រជាជនកម្ពុជាមិនត្រឹមតែគណបក្ស ដែលនាំសុខសន្តិភាពជូនជាតិ និងប្រជាជននោះទេ ថែមទាំងធានាការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងមូលដ្ឋានលោកស្រីទៀតផង។
អំឡុងពេលលោក ជាម ប៉េអា ដើរសំណេះសំណាលតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងភូមិ តំណាងប្រជាកសិករ បន្តនិយាយទាំងស្នាមញញឹមថា ប្រជាជនក្នុងមូលដ្ឋានមានហេដ្ឋារចនាសម្ព័ន្ធផ្លូលំ ប្រព័ន្ធធានាសាស្រ្ត អគ្គិសនី សាលារៀន មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពជាដើម ដែលងាយស្រួលប្រើប្រាស់ជាប្រយោជន៍គ្រប់ៗគ្នា បច្ចុប្បន្ននេះ ដោយសារការដឹកនាំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា។
មិនខុសគ្នាប៉ុន្មាន លោក ស៊ាប ភាព ប្រជាជនឃុំព្រៃដើមថ្នឹង ក៏បានមើលពីការអភិវឌ្ឍមូលដ្ឋានរីកចម្រើនជាជំហានៗដូច លោកស្រី រស់ អ៊ីម ផងដែរ។ តំណាងប្រជាជនឃុំព្រៃដើមថ្នឹង បានប្តេជ្ញាចិត្តគាំទ្ររាល់គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងរកបានដោយកម្រជូនជាតិ និងប្រជាជន។
លោកបាននិយាយថា ប្រជាជនជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលរួមទុក្ខរួមសុខជាមួយប្រជាជនគ្រប់កាលៈទេសៈ។ ដូចគ្នាដែរ លោក ហន ហំ មើលឃើញថា កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍបានកើតមានឡើងដោយសារប្រទេសជាតិ មានសុខសនិ្តភាពពេញលេញ ដែលអនុញ្ញាតឲ្យប្រជាជនមានឱកាសរស់រាន និងរកទទួលទានគ្រប់ៗគ្នា។ ក្រៅពីការអភិវឌ្ឍន៍ក្នុងវិស័យអាណាចក្រ រាជរដ្ឋាភិបាលជាក៏បានអភិវឌ្ឍ និងលើកកម្ពស់វិស័យពុទ្ធចក្រយ៉ាងរុងរឿងផងដែរ។
ជាមួយគ្នានេះ លោក ជាម ប៉េអា ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនាមួយរូប បាននាំទៀនវស្សា និងទេយ្យទានមួយចំនួនទៀត ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងវត្តជ័យសិរីឫទ្ធិ ហៅវត្តព្រៃដើមថ្នឹងខាងជើង។ ក្នុងឱកាសនេះ លោក ជាម ប៉េអា បានអំពាវនាវឲ្យលោកយាយ លោកតា និងប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង៕