(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា នៃក្រសួងធម្មការ និងសាសនា និងក្រុមការងារចុះជួយភូមិត្រោក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង បានចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្ស។
ស្ថិតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានសាកសួរអំពីសុខភាព ការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋសព្វថ្ងៃ មានការរីកចម្រើនយ៉ាងណាដែរ។ លោកប្រធាន ក៏បានលើកឡើង អំពីការជួយដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំប្រទេសដោយគណបក្សប្រជាជនកម្ពុជា ជូនប្រជាពលរដ្ឋ ដោយបានចេញសេចក្តីសម្រេចអនុញ្ញាត ឲ្យក្រុមអាជីវករលក់នៅតាមផ្សារលើដីរដ្ឋ អាចគ្រប់គ្រងតូបរបស់ខ្លួនពេញមួយជិវិត ហើយអាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលទៅកូនចៅ ឬអ្នកដទៃបានដោយពុំមានកំណត់អាណត្តិនោះឡើយ។
ជាមួយគ្នានោះដែរ ក្រុមការងារក៏បានពន្យល់ណែនាំ និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតដល់សមាជិក សមាជិកា និងត្រៀមឯកសារសម្រាប់ទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅអាណត្តិទី៦ និងអាណត្តិជាបន្តបន្ទាប់ទៀត ដើម្បីបន្តការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត៕