(កំពង់ចាម)៖ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា សម្រាប់មណ្ឌលខេត្តកំពង់ចាម លោក ប៉ាន សូរស័ក្តិ បានសន្យាចំពោះមុខប្រជាពលរដ្ឋម្ចាស់ឆ្នោតថា នៅក្នុងអណត្តិទី៦ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងផ្តល់ជូនយុវជននូវកម្មវិធីអប់រំប្រកបដោយគុណភាព ជាមួយឱកាសការងារកាន់តែសម្បូរបែប និងសិទ្ធិចូលរួមសម្រេចកិច្ចការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ការសន្យារបស់លោក ប៉ាន សូរស័ក្តិ បានធ្វើឡើងនាឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីស្វែងរកសម្លេងឆ្នោតពីប្រជាពលរដ្ឋ នៅក្នុងឃុំត្រពាំងព្រះ និងឃុំមៀន នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន សមាជិក-សមាជិកានៃគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋចំនួនជាង ៦០០នាក់។
នៅក្នុងឱកាសនោះ លោកប្រធាន បានលើកឡើងពីការគិតគូររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការពង្រីកឱកាសដល់យុវជន ដើម្បីចូលរួមក្នុងសកម្មភាពនយោបាយ តាមរយៈការចូលបម្រើរាជការ ឬឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ព្រមទាំងផែនការធ្វើទំនើបកម្មវិស័យអប់រំ ជាពិសេសកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេស និងភាសាបរទេស នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ដើម្បីឲ្យយុវជនទាំងអស់មានមូលដ្ឋានរឹងមាំ ក្នុងការចាប់យកជំនាញ ស្របតាមតម្រូវការនៃទីផ្សារការងារ នាពេលអនាគត។
លើសពីនេះ លោកប្រធាន ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនប្រជាពលរដ្ឋ និងសមាជិក-សមាជិកា អំពីអត្ថន័យ និងសារៈសំខាន់នៃគោលនយោបាយ ១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣ ព្រមទាំងបានថ្លែងនូវសារនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលផ្តោតសំខាន់លើសមិទ្ធផលធំៗ និងស្នាដៃដឹកនាំរយៈពេល ៣៩ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបាននូវសុខសន្តិភាព និងវឌ្ឍនភាព ព្រមទាំងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់សមាជិក-សមាជិកាទាំងអស់ ដែលកន្លងមក តែងជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងបានផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា។ លោកប្រធានបានអំពាវនាវដល់ប្រជាពលរដ្ឋ និងសមាជិក-សមាជិកាទាំងអស់ នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត៕