(សៀមរាប)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា មូលដ្ឋានអាជ្ញាធរអប្សរា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានធ្វើពិធីជួបជុំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ប្រមាណ១,៣៨១នាក់ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប។
ពិធីជួបជុំនេះធ្វើឡើងក្រោមអធិបតីភាព លោក សុខ សង្វារ សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានអាជ្ញាធរអប្សរា និងលោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តសៀមរាប។
ថ្លែងក្នុងឱកាសនោះ លោក សុខ សង្វារ បានរំលឹកឡើងវិញនូវសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ភាពជោគជ័យលើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ គឺជាសក្ខីភាពជាក់ស្តែង នៃចក្ខុវិស័យដ៏វែងឆ្ងាយ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍជាតិ និងថែរក្សានូវបេតិកភណ្ឌដ៏មានតម្លៃសម្រាប់កូនចៅគ្រប់ៗជំនាន់។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាម៉ឺងម៉ាត់ក្នុងការថែរក្សាសន្តិភាពជាតិ និងបន្តអភិវឌ្ឍជាតិ តាមគោលនយោបាយដ៏ច្បាស់លាស់ជាដំណាក់កាលៗ។
ជាក់ស្តែង វិធានការជាអាទិភាព ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន និងដោយមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នឹងជំរុញអនុវត្តក្នុងឆ្នាំ២០១៩ មានដូចជា ការរៀបចំបើកប្រាក់ឈ្នួលការងារប្រចាំខែជូនកម្មករ និយោជិត ក្នុងរយៈពេល០២សប្តាហ៍ម្តង រៀបចំបើកប្រាក់បៀវត្ស ជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រាក់សោធនជូននិវត្តជន និងអតីតយុទ្ធជនតាមប្រព័ន្ធធនាគារ ក្នុងរយៈពេល០២សប្តាហ៍ម្តង ការអនុវត្តនូវកម្មវិធីកាត់បន្ថយថ្លៃអគ្គិសនី សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅទូទាំងប្រទេស សម្រាប់ឆ្នាំ២០១៩-២០២០ ជាដើម។
ជាមួយគ្នានេះ លោក ឃឹម ប៊ុនសុង បានរំលឹកឡើងវិញ នូវការតស៊ូដ៏លំបាក របស់ប្រមុខគណបក្សប្រជាជនកម្ពុជា តាំងពីការចូលរួមតស៊ូប្រឆាំង នឹងរបបអាណានិគម របបចក្រពត្តិ និងការផ្តួលរំលំរបប ប៉ុល ពត ប្រល័យពូជសាសន៍ជាដើម។ បើតាមលោក ឃឹម ប៊ុនសុង ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន គឺឈរលើគោលនយោបាយឈ្នះឈ្នះ ដែលនាំឲ្យប្រទេសកកម្ពុជា ទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍជាតិគ្រប់វិស័យ។
ជាចុងក្រោយ លោកក៏បានផ្តាំផ្ញើឲ្យមានការបញ្ចូលក្រុមកម្លាំងយុវជនបក្ស ដើម្បីក្លាយជាសសរទ្រូង នៃគណបក្សដ៏រឹងមាំនាពេលអនាគត។ ជាពិសេស គឺសមាជិកបក្សទាំងអស់ ត្រូវតែស្មោះស្ម័គ្រគាំទ្របក្សរបស់ខ្លួនដោយចូលរួមសកម្មភាពឃោសនា ពន្យល់ណែនាំការពិតដល់ប្រជាពលរដ្ឋ និងចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាគ្រប់គ្នាទាំងអស់៕