(កណ្តាល)៖ ក្រោមការសន្យាផ្តល់ឋានៈតួនាទី និងតំណែងផ្សេងៗ នៅពេលឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលនោះ គេសង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួនក៏លង់ជឿ ហើយប្រឹងប្រែងបម្រើគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងនៅកម្ពុជាកាលពីអតីតកាល។ បន្ទាប់ពីដើរតាម និងប្រឹងប្រែងជួយបក្សអស់ជាច្រើនឆ្នាំ រហូតលះបង់ធនធានផ្ទាល់ខ្លួនជាច្រើន ដើម្បីជួយបក្សថែមទៀតដោយមិនបានទទួលអ្វីដូចការសន្យា ក៏មានសកម្មជនជាច្រើនបានឈប់ដើរតាមបក្សប្រឆាំងមួយនេះ ហើយខ្លះទៀតក៏សម្រេចចូលទៅរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគណបក្សដទៃក៏មាន។
លោកគ្រូ ម៉ាន ឃី ជាគ្រូបង្រៀននៅវិទ្យាល័យ «ហ៊ុនសែនកោះធំ» ក៏ជាសកម្មជនគណបក្សសង្គ្រោះជាតិដ៏សកម្មមួយរូបនៅក្នុងស្រុកកោះធំ។ លោកគ្រូ ម៉ាន ឃី បានលះបង់កម្លាំងកាយ និងធនធានផ្ទាល់ខ្លួនខ្លះផង ដើម្បីជួយដល់គណបក្សសង្គ្រោះជាតិ។ លោកគ្រូ ម៉ាន ឃី បានធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងស្រុកកោះធំ ដើម្បីអូសទាញប្រជាពលរដ្ឋឲ្យមានជំនឿលើគណបក្សសង្គ្រោះជាតិ។
លោក ម៉ាន ឃី បានពន្យល់ពីមូលហេតុដែលនាំឲ្យលោកដើរតាមជួយអតីតគណបក្សសង្គ្រោះជាតិយ៉ាងដូច្នេះថា «កាលមុនខ្ញុំបានចូលរួមជាមួយគណបក្សសង្គ្រោះជាតិ។ កាលណោះយើងគិតមិនដល់ គិតមិនយល់ ចាញ់បោកគេ ចាញ់បោកគណបក្សប្រឆាំង គណបក្សសង្គ្រោះជាតិហ្នឹងអស់រយៈពេល១០ឆ្នាំ។ ១០ឆ្នាំនេះលទ្ធផលអត់មានបានអី មានតែអស់ពីខ្លួនឯងវិញ»។
បន្ទាប់ពីការប្រឹងប្រែងជួយអតីតបក្សប្រឆាំងមួយនេះអស់រយៈពេលប្រមាណ ១០ឆ្នាំ ដោយមិនឃើញទទួលបានលទ្ធផលអ្វីទាំងសម្រាប់ផ្ទាល់ខ្លួន ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំនោះ នៅឆ្នាំ២០១៨នេះ លោកគ្រូ ម៉ាន ឃី បានសម្រេចចាកចេញ ហើយចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
«ឥឡូវយើងបានយល់ត្រូវ យើងលែងយល់ខុសហើយ យើងមកចូលរួមជាមួយប្រជាជនវិញ។ សូមផ្តាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាគិតពិចារណាឡើងវិញ អ្នកដែលយល់ខុសនោះ ឲ្យមកចូលរួបរួមគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍន៍ជាតិរបស់យើងតទៅអនាគតកុំចាញ់ពាក្យញុះញង់របស់គេ។ គេបានតែថាទេ អ្នកធ្វើយើងមើលឃើញជាក់ស្តែង»។ លោកគ្រូ ម៉ាន ឃី បញ្ជាក់បន្ថែម។
ជាមួយការផ្លាស់ប្តូរទ្រនំនយោបាយនេះ លោកគ្រូ ម៉ាន ឃី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់លង់ជឿលើគណបក្សសង្គ្រោះជាតិ ងាកមកបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា ក្រៅតែលោកគ្រូ ម៉ាន ឃី នៅក្នុងស្រុកកោះធំនេះ មានអតីតសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើនរូបផ្សេងទៀត ក៏បានសម្រេចមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេបានយល់ច្បាស់ពីមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕